(រតនគិរី)៖ អភិបាលខេត្តរតនគិរីលោក ថង សាវុន បានអះអាងថា អាជ្ញាធរខេត្តបាននឹងកំពុងតាមដានពិនិត្យអង្កេតយ៉ាងដិតដល់ក្នុងដំណើរការផ្តល់បណ្ណសមធម៌ ក្រែងមានករណីខុសប្រក្រតីណាមួយ នៃការចេញបណ្ណក្រីក្រ ជៀសវាងការក្លែងបន្លំធ្វើជាជនក្រីក្រ បន្ទាប់ពីប្រមុខរដ្ឋាភិបាល បានប្រកាសទម្លាក់ថវិកាប្រមាណ១២៥លានដុល្លារជូនដល់ប្រជាពលរដ្ឋមានជីវភាពពរស់នៅក្រីក្រ និងជនងាយរងគ្រោះអំឡុងពេលជំងឺកូវីដ-១៩នេះ។
ការអះអាងខាងលើនេះ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល និងពិនិត្យសកម្មភាពជាក់ស្តែងការផ្តល់បណ្ណក្រីក្រ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅសង្កាត់កាចាញ ក្រុងបានលុង នាសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ។
លោក ថង សាវុន បន្តថា «ចាប់ពីថ្ងៃទី២៥មិថុនាឆ្នាំ២០២០ទៅ ពុកម៉ែបងប្អូននិងជនងាយរងគ្រោះដែលមានបណ្ណសមធម៌បញ្ជាក់ពីភាពក្រីក្រ អាចទៅបើកថវិកាបានតាមកម្មវិធីឧបត្ថមសាច់ប្រាក់របស់រាជរដ្ឋាភិបាលអំឡុងពេលជំងឺកូវីដនៅតាមភ្នាក់ងារវីងវេលុយគ្រប់សាខា ប្រសិនបើមានការផ្ទៀតផ្ទាត់បណ្ណក្រីក្រជូនពលរដ្ឋម្នាក់ៗថាពិតជាត្រឹមត្រូវច្បាស់លាស់មែនហើយនោះ តែបើពុកម៉ែបងប្អូនមិនអាចបើកសាច់ប្រាក់ពីភ្នាក់ងារវីងបាន សូមប្រញាប់មកទាក់ទងព័ត៌មានមកកាន់មន្ទីរសង្គមកិច្ច ឬអាជ្ញាធរភូមិឃុំសង្កាត់ ដើម្បីសម្រួលដោះស្រាយទាន់ពេលវេលា។ ហើយជំនួយសង្គមនៅពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ដោយមិនមែនជាការចិញ្ចឹមពុកមែបងប្អូនជាអចិន្រៃ្តយ៍នោះទេ ដូច្នេះប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចប្រកបអាជីវកម្ម ឬការងារបាន គួរតែបន្តសកម្មភាពរបស់ខ្លួន ដោយមិនត្រូវពឹងអាស្រ័យតែទៅលើប្រាក់ឧបត្ថម្ភនេះទេ»។
សូមបញ្ជាក់ថា សម្រាប់ខេត្តរតនគិរីបានធ្វើការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រគិតត្រឹមថ្ងៃទី១ ខែមិថុនាឃើញថា ប្រជាពលរដ្ឋដែលដាក់ពាក្យស្នើសុំសម្ភាសន៍មានចំនួន១.១៦៥គ្រួសារ។ ក្រោយការធ្វើសម្ភាសន៍ឃើញថា ជាប់ជាគ្រួសារក្រីក្រលំបាកកម្រិត១ និងកម្រិត២ សរុបប្រមាណជា១.០០៥ គ្រួសារ។ គិតត្រឹមថ្ងៃទី១ខែកក្កដាឆ្នាំ២០២០ សាច់ប្រាក់ប្រមាណជិត៨០០លានរៀល ត្រូវបានក្រុមគ្រួសារក្រីក្រកម្រិត១ និងកម្រិត២បើករួចរាល់។ នេះបើតាមការបញ្ជាក់ពីលោក ខេង វុទ្ធី ប្រធានមន្ទីរផែនការ និងលោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តរតនគិរី៕