(កំពង់ឆ្នាំង)៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺគ្រុនឈាមដែលកំពុងកើតឡើងក្នុងរដូវភ្លៀងធ្លាក់នេះ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបើកយុទ្ធនាការចុះអប់រំ ប្រជាពលរដ្ឋពីការឆ្លង ជំងឺគ្រុនឈាម ហើយបានចែកថ្នាំអាប៊ែតដើម្បីកម្ចាត់ដង្កូវទឹក និងមូលខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងសុំឲ្យប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ ត្រូវសហការបំបាត់ឲ្យអស់នូវទីកន្លែងមូសខ្លាពងកូន បើទោះបីឆ្នាំនេះបញ្ហាជំងឺគ្រុនឈាមនៅក្នុងខេត្តមានការថយចុះជាងឆ្នាំ២០១៩ ដល់ទៅ៨០%ក៏ដោយ។
នាល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅពេលចុះចែកថ្នាំអាប៊ែតតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល បានថ្លែងបញ្ជាក់ថា នៅសប្តាហ៍ទី២៨ ឆ្នាំ២០២០នេះ អត្រានៃជំងឺគ្រុនឈាមលើកុមារ និងមនុស្សពេញវ័យក្នុងខេត្តកំពង់ឆ្នាំង មានប្រមាណជាង៩០ករណី ដែលក្នុងសប្តាហ៍ទី២៨ ឆ្នាំ២០១៩ មានកើតជំងឺគ្រុនឈាមរហូតដល់ជាង៤០០ករណី។
បើទោះបីមាន ការឆ្លងជំងឺគ្រុនឈាមថយចុះក៏ពិតមែន ប៉ុន្តែមន្ទីរសុខាភិបាលបានអប់រំណែនាំ និងសំណូមពរឲ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងការបង្ការទប់ ស្កាត់ឈានទៅបំបាត់អោយអស់នៃជំងឺនេះតែម្តង។
លោកប្រធានមន្ទីរសុខាភិបាលបានបន្តថា ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមនេះ តាមរយៈការធ្វើអនាម័យក្នុងបរិវេណគេហដ្ឋាន បំផ្លាញជម្រកមូស ខ្លា បើកទ្វារបង្អួចឱ្យមានពន្លឺគ្រប់គ្រាន់នៅ ពេលថ្ងៃ។ ជាងនេះទៅទៀត ត្រូវឱ្យកុមារគេងក្នុងមុង និងស្លៀកសំលៀកបំពាក់ជាប់ខ្លួនដើម្បីការពារកុំឱ្យមូសខ្លាខាំ។ មួយវិញទៀត ត្រូវដាក់ថ្នាំអាប៊ែតក្នុងពាងដើម្បីសម្លាប់ដង្កូវ ទឹក និងមូសខ្លា។ ហាមប្រើប្រាស់ថ្នាំអាស្ពៀរីនដាច់ខាតលើកុមារ និងមនុស្សពេញវ័យពេលសង្ស័យថាមានជម្ងឺគ្រុនឈាម។
លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ ត្រូវប្រញាប់បញ្ចូនកូន ឬមនុស្សពេញវ័យមកមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ក្នុងករណីកូនក្តៅខ្លួនខ្លាំង និងមានកន្ទួលក្រហមលើស្បែក ដែលសង្ស័យថាមានបញ្ហាជំងឺ គ្រុនឈាម។ ប្រសិនបើមានការបណ្តែត បណ្តោយឱ្យកុមារ ឬមនុស្សពេញវ័យក្តៅខ្លួនខ្លាំងរយៈពេលយូរ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕