(ភ្នំពេញ)៖ ប្រទេសកម្ពុជា កំពុងត្រៀមខ្លួន បញ្ជូនជនជាតិម៉ុងតាញ៉ា ១៣នាក់ ទៅស្នាក់នៅជុំរុំបណ្តោះអាសន្នមួយរបស់ UNHCR នៅប្រទេសហ្វ៊ីលីពីន ខណៈដែលជនជាតិម៉ុងតាញ៉ា ១៧១ផ្សេងទៀត កំពុងស្វែងរកសិទ្ធិជ្រកកោន។
នេះបើតាមការបញ្ជាក់ ពីមន្រ្តីក្រសួងមហាផ្ទៃ ដែលនាំពាក្យនៃជំនួបរវាងតំណាង UNHCR ជាមួយសម្តេចក្រឡាហោម ស ខេង នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យដែលថ្លែងសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា «បច្ចុប្បន្នមានជនជាតិម៉ុងតាញ៉ា នៅកម្ពុជាចំនន១៣នាក់ គឺគាត់មានឋានៈជាជនភៀសខ្លួនហើយ ហើយនៅ១៧១នាក់ទៀត ដែលនាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺគាត់កំពុងតែធ្វើការងារនេះ»។
ក្រសួងមហាផ្ទៃ បានអនុវត្តលក្ខខណ្ឌ២ សម្រាប់ជនជាតិម៉ុងតាញ៉ា ដែលបានរត់មកស្នាក់នៅប្រទេសកម្ពុជា។ លក្ខខណ្ឌទាំងពីរនេះ គឺបញ្ជូនទៅប្រទេសទី៣ នៅពេលដែលរកឃើញថា ពួកគេគឺជាជនភៀសខ្លួនពិតប្រាកដ និងចាប់បញ្ជូនទៅប្រទេសដើមវិញ នៅពេលដែលវាយតម្លៃឃើញថា ពួកគេមិនមែនជាជនភៀសខ្លួន។
កាលពីខែតុលា ឆ្នាំ២០១៥ កន្លងទៅ ជនជាតិ ម៉ុងតាញ៉ា ២៤នាក់ ត្រូវបានបញ្ជូនជាលើកទី២ទៅវៀតណាមវិញ បន្ទាប់ពីការបញ្ជូនលើកទី១ នៅខែកក្កដា ដែលមានជនជាតិម៉ុងតាញ៉ាចំនួន ១២ នាក់៕