(ភ្នំពេញ)៖ គម្រោងសាងសង់ដំបូលផ្សារច្បារអំពៅជំហានទី៣ ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ ក្រោយពីក្រុមការងារបញ្ចប់ការសាងសង់ដំបូលផ្សារ និងរៀបចំតូបឲ្យមានសណ្តាប់ធ្នាប់ ជំហានទី២ចប់ជាស្ថាពរ អាជីករចូលលក់ក្នុងតូបជាធម្មតាឡើងវិញ។
ដើម្បីជំរុញការសាងសង់ឲ្យបានលឿននៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហានទី៣ និងជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារ និងនៅជុំវិញផ្សារ ដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអាជ្ញាធរនិងអាជីវករ ស្តាប់ពីសំណើរ និងសំណូមពររបស់បងប្អូនអាជីវករ។
លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានប្រាប់ថា គម្រោងសាងសង់ដំបូលផ្សារជំហានទី៣ ចាប់ផ្តើមដំណើរការជាបណ្តើរៗហើយ។ ឥឡូវនេះក្រុមការងារ បានរៀបចំរុះរើតូបចាស់ និងកើបកាយយកកម្ទេចកំទីចេញអស់ ដើម្បីពន្លឿនការសាងសង់ឲ្យបានលឿន។
តូបលក់ដូររបស់អាជីវករដែលត្រូវរើចេញជាបណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារសាងសង់ដំបូលផ្សារ មានចំនួន៣០០តូប បន្ទាប់ពីសាងសង់រួចក្រុមការងារ នឹងរៀបតូបទាំង៣០០ ឲ្យមានសណ្តាប់ធ្នាប់ល្អទើបឲ្យម្ចាស់តូបចូល លក់ដូរជាធម្មតាវិញ។
ក្នុងការចុះពិនិត្យការដ្ឋានសាងសង់ដំបូលផ្សារជំហានទី៣ និងជួបសំណេះសំណាលជាមួយអាជីវករនេះដែរលោក ចេង មុនីរ៉ា បានណែនាំឲ្យបងប្អូនអាជីវករ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំង ជំងឺ COVID-19 គឺត្រូវពាក់ម៉ាស់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬជែល សម្លាប់មេរោគឲ្យបានជាប្រចាំព្រោះជំងឺនេះមើល មិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។ និយាយរួម ត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ដែលកំពង់តែគម្រាមកំហែងសុខភាព និងជីវភាពប្រជាជនលើពិភពលោក។
សូមរំលឹកថា ផ្សារច្បារអំពៅត្រូវអគ្គីភ័យឆាបឆេះកាលពីពាក់កណ្តាលអាធ្រាត្រខែមីនា ឆ្នាំ២០១៩កន្លងទៅ បណ្តាលឲ្យតូបលក់ដូរជាង ៥០០តូប ឆេះអស់ទាំងស្រុងឆេះអស់ទំនិញ គ្រប់ប្រភេទគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ ក្រោយមកក្រុមការងាររបស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅបានរៀបចំសាងសង់ដំបូងផ្សារជាថ្មីនិងរៀបចំតូបលក់ដូរ រៀបចំប្រព័ន្ធខ្សែបណ្តាញចរន្តអគ្គិសនីអោយមាន សណ្តាប់ធ្នាប់ និងរៀបចំប្រព័ន្ធលូរកំអោយស្ទះ។
ការសាងសង់ដំបូលផ្សារជាថ្មីនេះធ្វើជា ៣ដំណាក់កាល ដើម្បីកុំឲ្យរំខានការរកស៉ីរបស់អាជីវករ ចំពោះដំណាក់កាលចុងក្រោយគឺរៀបចំកែលំអសណ្តាប់ធ្នាប់នៅជុំវិញផ្សារ៕