(ភ្នំពេញ)៖ គិតរយៈពេល២០ថ្ងៃនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានយកយានយន្តរបស់ខ្លួន ទៅធ្វើស្លាកលេខមានចំនួន ៣១៧១៥ គ្រឿង (ក្នុងនោះមានឡាន ៧៩៦គ្រឿង និងម៉ូតូ ៣០៩១៩គ្រឿង) និងយកយានយន្តចូលទៅបង់ពន្ធគយ បានចំនួន ២០៣០គ្រឿង (ក្នុងនោះមានឡាន ១០៦គ្រឿង និងម៉ូតូ ១៩២៤គ្រឿង) នេះបើយោងតាមរបាយការណ៍លទ្ធផល ស្តីពីយានយន្តចូលធ្វើស្លាកលេខ និងចូលទៅបង់ពន្ធគយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។
សរុបជារួមឃើញថា សម្រាប់យានយន្តធ្វើស្លាកលេខ និងចូលទៅបង់ពន្ធគយ រយៈពេល២០ថ្ងៃ បានជាង៥ម៉ឺនគ្រឿងនៅទូទាំងប្រទេស ។
ប៉ុន្តែអ្វីដែលជាចំណាប់អារម្មណ៍ពិសេសនោះ របាយការណ៍សមត្ថកិច្ចបានបង្ហាញថា «រយៈពេល២០ថ្ងៃកន្លងមក សម្រាប់រាជធានីភ្នំពេញ គ្មានយានយន្តមួយគ្រឿងណាឡើយ ចូលទៅធ្វើស្លាកលេខ និងបង់ពន្ធចូលរដ្ឋ។ តួលេខរបាយការណ៍បង្ហាញថា «0», (សូមមើលរបាយការណ៍ខាងក្រោមនេះ)» ។
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា ក្នុងចំណោមខេត្តទាំង២៥ ខេត្តក្រុងបានបង្ហាញថា ខេត្តដែលយកយានយន្តទៅធ្វើស្លាកលេខ ច្រើនជាងគេ គឺនៅខេត្តត្បូងឃ្មុំ មាន៤៥០៥គ្រឿង ខេត្តកំពង់ចាម មាន៣៣៩៥គ្រឿង និង ខេត្តស្វាយរៀង មាន៣៦១៦គ្រឿង និងខេត្ត បាត់ដំបង។ ចំណែកខេត្តដែលចូលទៅបង់ពន្ធគយបានច្រើនជាងគេ គឺមានខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង និងបន្ទាយមានជ័យ៕