(កោះកុង)៖ លោក យឹម ផេង ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាល ប្រឆាំងបទល្មើស នៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នេះបានដឹកនាំកម្លាំងនគរបាល ឆ្មក់ចូលទីតាំងជួសជុលម៉ាស៊ីន១កន្លែង ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
លោក យឹម ផេង បានថ្លែងថា ក្រោយពីទទួលបានព័ត៌មានច្បាស់លាស់ ហើយលោកបានដឹកនាំកម្លាំងសមត្ថកិច្ចក្រោមឱវាទចុះឆ្មក់ចូលទីតាំងខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សុខ យឿន អាយុ៤២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុខេមរភូមិន្ទ។ ជនសង្ស័យមានមុខរបរជាជាងជុសជុលម៉ាស៊ីន ហើយទំនងរកចាយមិនគ្រប់ក៏ឆ្លៀតពេលទៅលក់គ្រឿងញៀនហើយត្រូវជាប់ខ្នោះតែម្តង។ ពេលសមត្ថកិច្ច ចុះឆែកឆេរនោះ រកឃើញថ្នាំញៀន ដែលជនសង្ស័យរក្សាទុក សម្រាប់ចែកចាយចំនួន៣កញ្ចប់ស្មើ១៣.០២ក្រាម និងឧបករណ៍ជក់មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួន រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់៕