(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានប្ដេជ្ញាខិតខំបន្តជំរុញការងារ ដោះស្រាយបញ្ហាប្រឈមសេសសល់ ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។ ការ ការប្តេជ្ញាបែបនេះ ខណៈលោកអភិបាលខេត្ត ដឹកនាំក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែមិថុនាតាមរយ: Video Conference នាថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា បើទោះបីការអនុវត្តសកម្មភាពរបស់រដ្ឋបាលខេត្ត នារយៈពេលកន្លងមក ទទួលបាននូវលទ្ធផល និងសមិទ្ធផលធំធេង យ៉ាងណាក៏ដោយ ក៏នៅមានបញ្ហាប្រឈមសេសសល់មួយចំនួន ដែលតែងតែកើតមានឡើង នៅក្នុងមូលដ្ឋាន ដែលបញ្ហាទាំងអស់តម្រូវទាមទារឲ្យមានកិច្ចសហការរួមគ្នាបន្តធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត។

ជាពិសេសបញ្ហាខ្វះចន្លោះ ក្នុងការអនុវត្ត មុខងារជំនាញ និងវិជ្ជាជីវៈរបស់មន្ត្រីនៅគ្រប់ថ្នាក់ ដែលជះឥទ្ធិពលមិនល្អ ធ្វើឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ ខ្វះជំនឿទុកចិត្ត ក្នុងការដោះស្រាយបញ្ហា និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានបន្តទៀតថា បើទោះបីលទ្ធផលការងារ ដែលបណ្ដាមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ក្នុងខេត្តបានខិតខំយកចិត្តទុកដាក់អនុវត្តក្នុងដែនសមត្ថកិច្ច របស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ នារយៈពេលកន្លងមកក៏ពិតមែន។

ប៉ុន្តែទោះបីយ៉ាងនេះក្ដី ក្នុងនាមរដ្ឋបាលខេត្ត នឹងប្ដេជ្ញាខិតខំប្រឹងប្រែងបន្ត យកចិត្តទុកដាក់ ជំរុញការងារ ដោះស្រាយនៅសេសសល់ ពាក់ព័ន្ធ សំណូមពរ តម្រូវការ និងបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឲ្យបានមានប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៦ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕