(កោះកុង)៖ ដោយអនុវត្តតាមបទបញ្ជាររបស់អគ្គនាយដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខា ក.ប.បខេត្តកោះកុង សហការណ៍ជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត បានធ្វើតេស្តរកឃើញសារធាតុបូរ៉ាក់ (Borax) ចំនួន១តូបទៅលើផលិតផលពពុះសណ្តែកមានទម្ងន់១.៣គីឡូក្រាម ដែលអាជីវករដាក់តាំងលក់ស្ថិតក្នុងផ្សារដងទង់ក្រុងខេមរភូមិន្ទខេត្តកោះកុង នាថ្ងៃទី១ ខែកក្កដា ម្សិលមិញ។

លោក ជា នី អនុសាខា ក.ប.ប ខេត្តកោះកុង បានឱ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ ជាពិសេសមុខទំនិញ មានហានិភ័យខ្ពស់ដូចជាពពុះសណ្តែក ងៀតបបែល ដែលអាជីវករនាំចូលពីភ្នំពេញមកដាក់តាំងលក់ក្នុងផ្សារដងទង់មន្ត្រីជំនាញរបស់សាខា ក.ប.បខេត្ត បានធ្វើការពិនិត្យធ្វើតេស្តទៅលើកពពុះសណ្តែក ងៀតបបែលចំនួន៨តូប និងងៀតបបែលចំនួន២តូប។

លោក ជា នី បានបន្តថា ចំពោះពពុះសណ្តែកដែលពិនិត្យធ្វើតេស្តមានសារធាតុបូរ៉ាក់ ចំនួន១.៣គីឡូក្រាម មន្ត្រីសាខា ក.ប.ប ខេត្តបានយកមករក្សាទុក្ខដើម្បីកម្ទេចចោល។

លោកបានបញ្ជាក់ថា ក្រោយពីធ្វើតេស្តរកឃើញសារធាតុបូរ៉ាក់ មន្រ្តីជំនាញបានហៅម្ចាស់ទំនិញ ឬរូបធ្វើកិច្ចសន្យានិងណែនាំឱ្យគាត់ឈប់ទទួលលក់បន្តទៀតហើយមុន និងទិញទំនិញយកមកលក់ត្រូវមើលការបរិច្ចេទថ្ងៃខែឆ្នាំផលិត ឱ្យត្រឹមត្រូវ។

លោកសូមអំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋចូលរួមសហការណ៍គ្នាដើម្បីផ្តល់ព័ត៌មាន បើដឹងទីតាំងណា ឬតូបណា១មានលក់គ្រឿងទេសឧបភោគបរិភោគហួសថ្ងៃខែឆ្នាំ បរិច្ចេទត្រូវរាយការមកជូនមន្ត្រីសាខា ក.ប.បខេត្ត ជាបន្ទាន់ដើម្បីទប់ស្កាត់កុំឱ្យមានផលប៉ះពាល់ដល់សុខភាព៕