(ស្វាយរៀង)៖ កសិករលោក សំអាត សម ដែលជាសមាជិកសហគមន៍កសិកម្មទងធ្លក បានកំពុងភ្ញាស់កូន និងចិញ្ចឹមកង្កែបក្នុងអាងចំនួន១០អាង ដោយមានមេពូជចំនួន២០០ក្បាល នៅភូមិអូរស្រងាំ ឃុំដូនសរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង និងសហការីបានចុះពិនិត្យ នឹងផ្តល់ការណែនាំអំពីរបៀបបច្ចេកទេស ក្នុងការចិញ្ចឹមកង្កែបបន្ថែម។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មបានឲ្យដឹងថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះដក់ទីតាំងចិញ្ចឹមកង្កែបរបស់កសិករសំអាត សមដើម្បីផ្តល់ការណែនាំបន្ថែម អំពីរបៀបនិងបច្ចេកទេស នៃការចិញ្ចឹមកង្កែបដើម្បីទទួលបានប្រាក់ចំណេញខ្ពស់។

លោក ថាច់ រតនា បានបញ្ជាក់ថា «ក្នុងរយៈពេល៤ខែកន្លងមកនេះ កសិករចិញ្ចឹមកង្កែបនេះ បានលក់កូនកង្កែបចំនួន៩០០០០ក្បាល, តម្លៃ៤០០រៀលក្នុង១ក្បាល ដែលទទួលបានប្រាក់ចំណូលសរុប ៣៦០០០០០រៀល។ បច្ចប្បន្ននេះ កសិកររូបនេះ កំពុងបំប៉នកូនកង្កែបលក់ចំនួន ៣០០០០ក្បាលទៀត។

លោកបានបន្តថា ចំពោះកសិករ ខាំ សារ៉េន នៅភូមិត្រោក, ឃុំខ្សែត្រ, ស្រុកកំពង់រោទិ៍ បានភ្ញាស់កូន និងចិញ្ចឹមកង្កែបយកសាច់ (ក្នុងតង់) ព្រមទាំងបានលក់កូនកង្កែបពូជចំនួន ៨០០០ក្បាល, តម្លៃ ៥០០រៀលក្នុង១ក្បាល អាចទទួលបានប្រាក់ចំណូលសរុបចំនួន ៤ ០០០ ០០០ រៀល និងកំពុងបំប៉នកូនកង្កែបលក់បន្តចំនួន ២០០០០ក្បាលទៀត។

ជារួមការអនុវត្តន៍វារីវប្បកម្មនៃចិញ្ចឹមកង្កែប ជាលក្ខណៈគ្រួសារខ្នាតតូច នៅតាមសហគមន៍បាននិងកំពុងមានសក្តានុពល និងមានប្រសិទ្ធិភាពសេដ្ឋកិច្ច ក្នុងបរិបទនៃការរីករាលដាលជាសកល នៃមេរោគ COVID-9៕