(ភ្នំពេញ)៖ ឧកញ៉ា ជៀម ផែន និងលោកស្រី ហៃ សុភារី ព្រមទាំងកូនចៅទាំងអស់របស់លោកយាយ ឧបាសិកា តាន់ យ៉ាងណៀវ បានចេញលិខិតថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចព្រះថេរានុថ្ថេរៈគ្រប់ព្រះអង្គ និងភ្ញៀវទាំងអស់ ព្រមទាំងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិមន្ត និងអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព និងដង្ហែសពលោកយាយឧបាសិកា ទៅកាន់ទីបញ្ចុះសព នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង យ៉ាងច្រើនកុះករ ញ៉ាំងឲ្យកម្មវិធីនេះ ប្រកបដោយភាពអធិកអធមក្រៃលែង។
លិខិតថ្លែងអំណរគុណ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាយវិការដ៏ប្រពៃនេះ សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ នូវការស្រឡាញ់រាប់អានដោយស្មោះ ចំពោះលោកយាយឧបាសិកា តាន់ យ៉ាងណៀវ ដែលជាមាតាជាទីស្រឡាញ់របស់យើងខ្ញុំ»។
សូមបញ្ជាក់ថា លោកយាយឧបាសិកា តាន់ យ៉ាងណៀវ ម្តាយរបស់លោកឧកញ៉ា ជៀម ផែន បានទទួលមរណភាពនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៩៖៥០នាទីព្រឹក ក្នុងជន្មានយុ ៩៥ឆ្នាំ ដោយជរាពាធ៕