(ភ្នំពេញ)៖ ថ្មីៗនេះក្រុមប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពិនិត្យឃើញគណនីហ្វេសប៊ុកមួយឈ្មោះ អ៉ឹម សុភាព ដែលបានចុះផ្សាយខុសពីការពិតថា «ប្អូនប្រុសគាត់ ជួបគ្រោះថ្នាក់ចរាចរណ៍ រដ្ឋមិនចេញលុយ បែរជាគ្រួសាររ៉ាប់រងទៅវិញ តើគួរ ឬមិនគួរ»។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបដិសេធទាំងស្រុងចំពោះខ្លឹមសារអត្ថបទ ដែលបានផុសលើគណនីហ្វេសប៊ុកឈ្មោះ អ៉ឹម សុភាព គឺជាការអត្ថាធិប្បាយមិនពិតប្រាកដ ផ្ទុយពីការពិតទាំងស្រុង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ធាតុពិត គឺលោកអនុសេនីយ៍ឯក អ៉ឹម ធាវី ជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ភ្លាមៗនោះ ត្រូវបានក្រុមការងារយកចិត្តទុកដាក់ខ្ពស់ដោយបានបញ្ជូនគាត់ទៅសង្គ្រោះ និងពិនិត្យព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃភ្លាមៗ។
ថ្ងៃបន្ទាប់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ តំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខមន្ត្រីរងគ្រោះដល់មន្ទីរពេទ្យ និងក៏មានការចុះសួរសុខទុក្ខរបស់លោកនាយប៉ុស្តិ៍ និងមន្ត្រីរួមការងារផងដែរ ក្នុងរយៈ២២ថ្ងៃ (០៨-៣០ មិថុនា ២០២០) នៃការសម្រាកព្យាបាល នៅមន្ទីរពេទ្យ ថ្នាក់ដឹកនាំ លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីរួមការងារ បានសួរសុខទុក្ខផ្ទាល់ដល់មន្ទីរពេទ្យចំនួន ៣លើក និងបាននាំយកថវិកាឧបត្ថម្ភចំនួនន ២,០០០,០០០រៀល ផ្តល់ជូនគាត់ និងគ្រួសារ ដើម្បីជួយសម្រាលបន្ទុកចំណាយលើការព្យាបាល។
បន្ថែមពីនេះទៀត លោកអធិការ និងលោកនាយប៉ុស្តិ៍ បានជួយរៀបចំឲ្យមានបន្ទប់សម្រាកព្យាបាលសមរម្យ និងបានជួយធ្វើការសម្របសម្រួល ដើម្បីឲ្យមន្ទីរពេទ្យជួយសម្រួលលើតម្លៃសម្រាក ព្យាបាលនេះផងដែរ ជាក់ស្តែងជាទូទៅសម្រាប់ការព្យាបាលទាំងថ្លៃបន្ទប់ និងថ្លៃថ្នាំគឺ៤០ដុល្លារ ក្នុងមួយថ្ងៃ ប៉ុន្តែដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំមន្ទីរពេទ្យបានគិតថ្លៃត្រឹមតែ ២០ ដុល្លារក្នុងមួយថ្ងៃ ដូច្នេះសម្រាប់ការសម្រាកព្យាបាលនៅមន្ទីររយ:ពេល ២២ ថ្ងៃនេះ គឺចំណាយសរុបអស់ប្រហែលជា ៤៤០ ដុល្លារ ស្របពេលដែលប្រធានអង្គភាព និងមន្ត្រីរួមការងារជួយឧបត្ថម្ភសរុបបានថវិកាចំនួន ៥០០ដុល្លារ។
ដូច្នេះថវិកាដែលបានមកពីការជួយឧបត្ថម្ភរបស់អង្គភាព គឺអាចជួយសម្រាលបន្ទុកចំណាយលើការសម្រាកព្យាបាលរបួសនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា ថ្នាក់ដឹកនាំ មន្ត្រីរួមអាជីពបានខិតខំជួយ ជ្រោមជ្រែង និងធ្វើបានតាមលទ្ធភាពដែលស្នងការនគរបាលរាជធានីភ្នំពេញមាន។
ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញការខកចិត្តចំពោះការអត្ថាធិប្បាយរបស់គណនីហ្វេសប៊ុក ដែលត្រូវជាសាច់ញាតិមន្ត្រីរងគ្រោះចងក្រងខ្លឹមសារបង្ហោះក្នុងបណ្តាញ ទំនាក់ទំនងសង្គមខ្វះមូលដ្ឋាន និងផ្ទុយពីការពិត។
សូមបញ្ជាក់ជូនថា ឧត្តមសេនីយ៍ឯក ស ថេត តែងតែឆ្លៀតពេលដើម្បីចុះសួរទុក្ខមន្ត្រីដែលជួបគ្រោះថ្នាក់ មន្ត្រីកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ និងគេហដ្ឋាន ឬមន្ត្រីមានបញ្ហាផ្សេងៗជាប្រចាំ ក្នុងឱកាសចុះសួរសុខទុក្ខ លោកតែងតែនាំយកជាថវិកា និងសម្ភារៈមួយចំនួនជួយឧបត្ថម្ភ ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាការជួយសម្រួលមួយផ្នែកសម្រាប់ការព្យាបាលផងដែរ៕