(កោះកុង)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តកោះកុង នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានសហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពផលិតផលទំនិញម្ហូបអាហារ ជាពិសេសមុខទំនិញ ដែលមានហានិភ័យមួយចំនួនដូចជា ពពុះសណ្តែក ងៀតត្រីបបែល ដែលអាជីវករដាក់តាំងលក់ស្ថិត ក្នុងផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក ជា នី អនុសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកោះកុង បានឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ ជាពិសេសមុខទំនិញមានហានិភ័យខ្ពស់ ដូចជាពពុះសណ្តែក ងៀតបបែល ដែលអាជីវករនាំចូលពីភ្នំពេញ មកដាក់តាំងលក់ក្នុងផ្សារដងទង់ មន្ត្រីជំនាញរបស់សាខា ក.ប.ប ខេត្តបានធ្វើការពិនិត្យទៅលើកពពុះសណ្តែក ងៀតបបែលចំនួន៨តូប រកឃើញសារធាតុគីមីហាមឃាត់ (Borax) ចំនួន១តូប ទៅលើផលិតផលពពុះសណ្តែក មានទម្ងន់១.៣គីឡូក្រាម។
លោកបានបញ្ជាក់ថា ក្រោយពីធ្វើតេស្តរកឃើញសារធាតុបូរ៉ាក់ (Borax) មន្រ្តីជំនាញបានហៅម្ចាស់ទំនិញធ្វើកិច្ចសន្យា និងណែនាំឲ្យគាត់ឈប់ទទួលលក់បន្តទៀត ហើយមុននឹងទិញទំនិញយកមកលក់ត្រូវ មើលការបរិច្ចេទថ្ងៃខែឆ្នាំផលិតឲ្យត្រឹមត្រូវ។ ចំពោះពពុះសណ្តែកដែលពិនិត្យ ធ្វើតេស្តមានសារធាតុបូរ៉ាក់ចំនួន ១.៣គីឡូក្រាម មន្ត្រីសាខា ក.ប.បខេត្ត បានយកមករក្សាទុក្ខដើម្បីធ្វើការកម្ទេចចោល។
លោក ជា នី ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ប្រជាពលរដ្ឋចូលរួមសហការណ៍គ្នា ដើម្បីផ្តល់ព័ត៌មានបើដឹងទីតាំងណា ឬតូបណា១ មានលក់គ្រឿងទេស ឧបភោគ បរិភោគហួសថ្ងៃខែឆ្នាំបរិច្ចេទ ត្រូវរាយការមកជូនមន្ត្រីសាខា ក.ប.បខេត្ត ជាបន្ទាន់ដើម្បីទប់ស្កាត់កុំឲ្យមានផលប៉ះពាល់ដល់សុខភាព៕