(ភ្នំពេញ)៖ លោក ហ៉ីង សុខសាន អតីតប្រធានចលនាយុវជនរបស់អតីតគណបក្សសង្គ្រោះជាតិ បានចេញមកលាតត្រដាងពីសេនារីយោមួយចំនួនរបស់លោក សម រង្ស៉ី និងបក្ខពួករបស់លោកថា កំពុងធ្វើរឿងរ៉ាវជាច្រើនដើម្បីកម្ទេចសំបកអតីតគណបក្សសង្គ្រោះជាតិ បង្កើតជាលេសដើរចេញពីសំបកបក្សមួយនេះទៅស្រោចស្រង់ជីវិតនយោបាយរបស់ខ្លួនឡើងវិញ។
បន្ទាប់ពីត្រូវបានតុលាការកំពូលចេញដីកាសម្រេចរំលាយចោលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិមកដល់ពេលបច្ចុប្បន្ននេះអាចនិយាយបានថា នៅសល់តែសំបកគ្មានរូបគ្មានវិញ្ញាណទៀតនោះឡើយ។ ការត្រូវតុលាការកំពូលរបស់កម្ពុជាសម្រេចរំលាយចោលក្រោមហេតុផលធ្វើខុសនឹងច្បាប់ ជារឿងអាណោចអាធមមួយណាស់ទៅហើយ សម្រាប់អតីតបក្សជំទាស់មួយនេះ តែវារឹតតែអាណោចអាធមខ្លាំងថែមទៀតនោះ គឺក្រុមមេដឹកនាំ សកម្មជនសំខាន់ៗនៃអតីតបក្សជំទាស់មួយនេះ បានបង្កើតជម្លោះទាស់ទែងពាក្យសម្តីគ្នាយ៉ាងស្រួចស្រាវបំផុត។
អតីតគណបក្សសង្គ្រោះជាតិ គឺកើតឡើងពីបណ្តុំគណបក្ស សម រង្ស៉ី មានលោក សម រង្ស៉ី ជាប្រធាន និងគណបក្សសិទ្ធិមនុស្សមានលោក កឹម សុខា ជាប្រធាន។ បក្ស សម រង្ស៉ី និងបក្សសិទ្ធិមនុស្សដើមឡើយប្រៀបដូចជាទឹក និងប្រេងដែលមិនអាចរលាយចូលគ្នាបាននោះឡើយ។ លោក សម រង្ស៉ី និងលោក កឹម សុខា តែងប្រើវោហារសព្ទវាយប្រហារគ្នាយ៉ាងខ្លាំងក្លាបំផុត ពេលពួកគេនៅជាប្រធានបក្ស សម រង្ស៉ី និងបក្សសិទ្ធិមនុស្ស។
ការសម្រេចឈានទៅច្របាច់បញ្ចូលគ្នាបង្កើតជាអតីតគណបក្សសង្គ្រោះជាតិនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ វាមិនមែនជាការច្របាច់បញ្ចូលគ្នាដោយកើតចេញពីបេះដូង និងមនោសញ្ចេតនាស្រឡាញ់គ្នាដូចស្នេហាកំលោះក្រមុំនោះឡើយ។ ពោលវាគ្រាន់តែជាទង្វើមួយធ្វើឡើង ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដណ្តើមយកសំឡេងឆ្នោតតែប៉ុណ្ណោះ តែបេះដូងរបស់ពួកគេ គឺនៅតែជាសត្រូវនឹងគ្នាដដែល។
ការរួបរួមមួយដែលមិនកើតចេញពីចិត្ត និងបេះដូងដោយពិតប្រាកដនោះ ភាគីលោក សម រង្ស៉ី និងលោក កឹម សុខា តែងបានត្រៀមល្បិចកិច្ចកលទប់ទល់ជាមួយគ្នាជាប់ជានិច្ច ហើយពេលខ្លះក៏បានពាក់មុខយក្សដាក់គ្នាតាំងពីបក្សនេះមិនទាន់ត្រូវបានរំលាយមកម្ល៉េះ។ បន្ទាប់ពីបក្សនេះត្រូវបានរំលាយធាតុពិតនៃចរិតដើមរបស់ភាគីទាំងពីរ ក៏បានលាតត្រដាងចេញមកតាមរយៈសកម្មភាពវាយប្រហារ និងការមិនទុកចិត្តគ្នារវាងថ្នាក់ដឹកនាំ និងសកម្មជនសំខាន់ៗ ដែលមានកូតាខាងលោក សម រង្ស៉ី និងលោក កឹម សុខា។
ក្រុមអ្នកមានស្វាមីភក្តិជាមួយលោក សម រង្ស៉ី បានចោទប្រកាន់ទៅលោក កឹម សុខា និងក្រុមរបស់លោក កឹម សុខា ថាកំពុងរៀបចំល្បិចកិច្ចកលចុះចូល ឬត្រូវរ៉ូវជាមួយរាជរដ្ឋាភិបាល ជាមួយបក្សកាន់អំណាច ដើម្បីបានរួចផុតពីទោសទណ្ឌទាំងឡាយ។ ក្រុមអ្នកមានស្វាមីភក្តិជាមួយលោក កឹម សុខា វិញ ក៏បានវាយបកទៅក្រុមរបស់លោក សម រង្ស៉ី ថា កំពុងរៀបចំនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីកម្ទេចសំបកបក្សសង្គ្រោះជាតិក្នុងការស្រោចស្រង់ជីវិតនយោបាយរបស់លោក សម រង្ស៉ី ដែលកំពុងលិចលង់ក្នុងមហាសាគរនោះ។
លោក ហ៉ីង សុខសាន ជាអតីតមន្ត្រីជាន់ខ្ពស់មួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិ មកពីកូតារបស់លោក កឹម សុខា។ តាមរយៈតួនាទីខ្ពស់មួយនៅក្នុងអតីតគណបក្សសង្គ្រោះជាតិនេះ ធ្វើឱ្យលោក ហ៉ីង សុខសាន ដឹងរឿងផ្ទៃក្នុងរាក់ជ្រៅរបស់អតីតបក្សនេះមិនតិចនោះឡើយ។
តាមរយៈវេទិការបស់ឌឹខេមបូឌែដេលីផ្សាយតាមទំព័រហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី២៩ ខែមិថុនា កន្លងទៅនេះ លោក ហ៉ីង សុខសាន បានចេញមកលាតត្រដាងរឿងរ៉ាវសម្ងាត់ជាច្រើនរបស់លោក សម រង្ស៉ី មានដូចជាការលាឈប់ពីតំណែងប្រធានបក្ស និងពុតត្បុតមិនហ៊ានវិលចូលស្រុកជាដើម។
ក្រៅពីរឿងរ៉ាវទាំងនេះ លោក ហ៉ីង សុខសាន ក៏បានទម្លាយពីពុតត្បុត និងល្បិចកិច្ចកលរបស់លោក សម រង្ស៉ី និងបក្ខពួក ដែលបានធ្វើសកម្មភាពកម្ទេចចោលសំបកអតីតបក្សសង្គ្រោះជាតិ ដើម្បីពួកគេមានហេតុផលសមរម្យដើរចេញពីសំបកបក្សមួយនេះ ទៅស្រោចស្រង់ជីវិតនយោបាយរបស់ពួកគេឡើងវិញ។
លោក ហ៉ីង សុខសាន បានលើកហេតុចម្បងៗមួយចំនួនដែលអាចធ្វើជាទឡ្ហីករណ៍បង្ហាញពីចេតនាពិសពុលរបស់លោក សម រង្ស៉ី និងបក្ខពួកក្នុងការកម្ទេចចោលសំបកអតីតគណបក្សសង្គ្រោះជាតិ។ លោក ហ៉ីង សុខសាន បានទម្លាយថា នៅពេលដឹងថាគណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយនោះ គឺគណៈអចិន្ត្រៃយ៍បក្ស រួមទាំងសែរាជវង្សមួយអង្គផង បានហោះទៅបារាំង ដើម្បីឱ្យលោក សម រង្ស៉ី រិះរកវិធីទប់ទល់ និងស្តារស្ថានការណ៍នយោបាយបក្សឡើងវិញ។ តែពេលនោះត្រូវបានលោក សម រង្ស៉ី ច្រានចោលដោយពោលពាក្យថា លោកមិនរវល់រឿងបក្សទៀតនោះទេ ដោយរវល់ជាមួយការពង្រឹងសមាគមអ្នកប្រជាធិបតេយ្យជំនួសវិញ។
លោក ហ៉ីង សុខសាន បន្តថា នៅពេលបក្សត្រូវរំលាយហើយគណៈអចិន្ត្រៃយ៍បក្សចង់ឱ្យប្រើយន្តការបក្សដដែលក្នុងការធ្វើសកម្មភាពតស៊ូមតិនានា តែលោក សម រង្ស៉ី និងបក្ខពួកបែរទៅជាបង្កើតចលនាថ្មីមួយទៅវិញ។ បន្ថែមពីលើសកម្មភាពទាំងនេះ លោក សម រង្ស៉ី បានប្រើក្រុមសកម្មជនដែលគាំទ្ររបស់ខ្លួនជេរមូលកាច់លើលោក កឹម សុខា និងបក្ខពួករបស់លោក កឹម សុខា ជាដើមលើបណ្តាញសង្គម។
លោក ហ៉ីង សុខសាន បានលើកឡើងថា សេនារីយោដែលលោក សម រង្ស៉ី បានធ្វើឡើងនេះ គឺដើម្បីបង្កើតជាហេតុផល និងជាលេសមួយក្នុងការដើរចេញពីអតីតបក្សសង្គ្រោះជាតិ ដោយសមហេតុផល និងគ្មានការនិន្ទាពីអ្នកគាំទ្របក្ស។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងរូបនេះ បានថ្លែងបញ្ជាក់បែបនេះ «អ្វីដែលគាត់អាចស្រោចស្រង់ជីវិតនយោបាយរបស់គាត់ គឺគាត់កំពុងធ្វើរាល់ថ្ងៃហ្នឹងហើយ គឺការដើរចេញការបំបែកបំបាក់គណបក្សសង្គ្រោះជាតិ»។
លោក បន្ថែមថា «ដើម្បីស្រោចស្រង់ជីវិតនយោបាយរបស់គាត់ លោក សម រង្ស៉ី គាត់ត្រូវដើរចេញពីសង្គ្រោះជាតិ បើគាត់នៅសង្គ្រោះជាតិ គាត់អត់មានអ្វីទៀតទេនៅសង្គ្រោះជាតិ ពីព្រោះប្រធានបក្ស គឺលោក កឹម សុខា ហើយអាចនឹងមានដំណោះស្រាយនៅថ្ងៃណាមួយ។ ដូច្នេះដំណោះស្រាយអន្តរជាតិអត់មានលោក សម រង្ស៉ី ទេ លោក សម រង្ស៉ី គឺហ្សឺរ៉ូ (សូន្យ) បើនៅក្របខណ្ឌសង្គ្រោះជាតិ។ ដូច្នេះបើគាត់បែកចេញពីសង្គ្រោះជាតិ អាចទាញបណ្តុំរបស់គាត់ដែលជាអតីតគណបក្ស សម រង្ស៉ី ឱ្យចូលខាងគាត់»។
លោក ហ៉ីង សុខសាន បានលើកឡើងដែរថា លោក សម រង្ស៉ី មិនអាចដើរចេញសំបកអតីតគណបក្សសង្គ្រោះជាតិដោយបើកចំហរបានទេ ព្រោះតែអតីតគណបក្សសង្គ្រោះជាតិ ជានិមិត្តរូបនៃការួបរួម នៃការសាមគ្គីភាពរវាងអ្នកប្រជាធិបតេយ្យ ហើយប្រជាពលរដ្ឋគាំទ្រក្រោមនិមិត្តរូបសង្គ្រោះជាតិ និមិត្តរូប សម រង្ស៉ី កឹម សុខា។ ដូច្នេះនរណាមួយដើរចេញពីសង្គ្រោះជាតិ នឹងត្រូវទទួលការស្តីបន្ទោសពីប្រជាពលរដ្ឋ។
បើតាមលោក ហ៉ីង សុខសាន ព្រោះតែបែបនេះហើយ ទើបលោក សម រង្ស៉ី រកលេសបង្កើតការបែកបាក់បក្សដោយទម្លាក់កំហុសលើលោក កឹម សុខា ជាអ្នកបង្ក ដើម្បីលោកមានហេតុផលមួយដើរចេញដោយសមរម្យ។ លោក ហ៉ីង សុខសាន បានអះអាងថា ល្បិចរបស់លោក សម រង្ស៉ី និងបក្ខពួក សូម្បីកូនក្មេងក៏ចេះមើលដែរ៕