(ក្រចេះ-ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋប្រុសស្រី ជាពិសេសក្មេងៗសិស្សសាលាថ្នាក់បឋមសិក្សាចំនួន៦៦នាក់ រស់នៅស្រុកស្នូល ខេត្តក្រចេះ និងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានអាការៈរាគរូស ក្អូតចង្អោរ ក្រោយពីពួកគេបានហូបនំប៉័ងដាក់សាច់ របស់ជនជាតិវៀតណាម ដែលដឹកលក់តាមផ្លូវ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ប៉ុន្តែគ្រោះថ្នាក់សង្គមមួយនេះ មិនបណ្តាលឲ្យជនរងគ្រោះណាម្នាក់ បាត់បង់ជីវិតនោះឡើយ ពោលភាគច្រើនបានចាកចេញពីមន្ទីរពេទ្យហើយ គិតត្រឹមល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។
ជាមួយគ្នានេះ បុរសជនជាតិវៀតណាម ដែលជាអ្នកលក់នំប៉័ងតាមផ្លូវ ស្ថិតក្រោមការតាមឃាត់ខ្លួនពី សំណាក់ អាជ្ញាធរ និងសមត្ថកិច្ច ដើម្បីយកមកសួរនាំ និងយកសំណាកខ្លះទៅធ្វើពិសោធន៍ថាតើ ការពុលបែបនេះ បណ្តាលមកពីអ្វីពិតប្រាកដ ជាសាច់នំប៉័ង ឬបន្លែដែលដាក់ចូលនំប៉័ងនោះ។ មន្រ្តីនគរបាល ស្រុកមេមត់ បានប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះថា សម្រាប់ប្រជាពលរដ្ឋរស់នៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានចំនួន១៨នាក់ ក្នុងនោះស្រី៣នាក់ បានពុលនំប៉័ងស្ថិតនៅ ភូមិស្រែសោមថ្មី ឃុំកំពាន់ និងប្រជាពលរដ្ឋ(ភាគច្រើនក្មេងៗសិស្សសាលា) ចំនួន៤៨នាក់ស្ថិតនៅ ចំណុចគីឡូម៉ែត៦២ ស្ថិតនៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ពោលនៅក្នុងសាលាបឋមសិក្សាដូនមាស២។
អភិបាលរងស្រុកស្នួល ខេត្តក្រចេះ លោក ម៉ែន វណ្ណា បានប្រាប់អង្គភាព Fresh News ថា សម្រាប់ជនរងគ្រោះរស់នៅទឹកដីរបស់លោក មិនមាននរណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ហើយអ្នកខ្លះក៏បានចាកចេញពីមន្ទីរពេទ្យបង្អែកស្រុកមេមត់ផងដែរ។ អភិបាលរងស្រុករូបនេះ បានបញ្ជាក់ថា នៅវេលាម៉ោងថ្ងៃត្រង់ ទី១៩ ខែមករា ឆ្នាំ២០១៦ មានបុរសជនជាតិវៀតណាមម្នាក់ទៅលក់នំប៉័ងដាក់សាច់ នៅក្នុងបរិវេណសាលាបឋមសិក្សាដូនមាស២ ពេលនោះក្មេងៗសិស្សសាលាបាននាំគ្នាទិញហូប បូករួមជាមួយប្រជាពលរដ្ឋមួយចំនួនទៀត។
ក្រោយពេលហូបរួច ពោលនៅពេលល្ងាចថ្ងៃដដែលនោះ ស្រាប់តែជនរងគ្រោះទាំងនោះមានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវក្រុមគ្រួសារ ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ បើតាមលោក ម៉ែន វណ្ណា មូលហេតុដែលនាំឲ្យពុលនោះ នៅមិនទាន់ដឹងនៅឡើយទេ តែបើតាមសន្និដ្ឋានអាចមកពីបន្លែ នៅក្នុងនំប៉័ង។ យ៉ាងណាក៏ដោយ បុរសជនជាតិវៀតណាមរូបនេះ ដើរដឹកលក់ ជារៀងរាល់ថ្ងៃ ប៉ុន្តែទើបតែលើកនេះកើតឡើងយ៉ាងដូច្នេះ៕