(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើដល់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទាំងអស់ រក្សាដីចំណីផ្លូវ ប្រឡាយ ស្រះ និងគន្លងបង្ហូរទឹក ឲ្យនៅដដែល ដោយមិនត្រូវចាក់ដីលុបរំលោភយក ឬសាងសង់សំណង់រឹងណាមួយនោះឡើយ ដើម្បីរក្សាបាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពចរាចរណ៍។
នៅក្នុងសារាចរណែនាំ ដែលចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ ក្រសួងសាធារណការ បានតម្រូវឲ្យប្រជាពលរដ្ឋ ដែលចង់ចាក់ដីលុបប្រឡាយ ស្រះ និងគន្លងបង្ហូរទឹក ដើម្បីធ្វើផ្លូវចូលផ្ទះ ក្រុមហ៊ុន រោងចក្រ សហគ្រាស ឬទីកន្លែងផ្សេងៗ ត្រូវសុំការអនុ ញ្ញាតពីអគ្គនាយកដ្ឋានសាធារណការ ឬតាមមន្ទីរសាធារណការ។
ក្រសួងបានព្រមានថា បុគ្គលណា ដែលធ្វើការសាងសង់សំណង់រឹង សំណង់បណ្តោះអាសន្ន ឬចាក់ដីលុបប្រឡាយ ស្រះ និងគន្លងបង្ហូរទឹក ឬធ្វើអ្វីមួយលើដីចំណីផ្លូវ ដោយគ្មានការអនុញ្ញាត នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ស្តីពីផ្លូវថ្នល់ និងច្បាប់ពាក់ព័ន្ធជាធរមាន។
ដើម្បីថែរក្សាដីចំណីផ្លូវ ប្រឡាយ ស្រះ និងគន្លងបង្ហូរទឹកតាមដងផ្លូវជាតិលេខ៤នេះ ក្រសួង ក៏បានចាត់មន្រ្តីជំនាញ ចុះផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ ឲ្យដឹងពីអត្ថប្រយោជន៍ និងចូលរួមថែរក្សាចំណីផ្លូវ ក៏ដូចជាប្រឡាយ ស្រះ និងគន្លងបង្ហូរទឹក។ ក្រុមមន្រ្តីជំនាញនេះ ក៏នឹងចាត់ការបន្ទាន់ ចំពោះបុគ្គល ដែលបានបំពានទៅលើបំរាមនេះផងដែរ។
សូមអានសារាចរស្តីពីវិធានការទប់ស្កាត់ការទន្ទ្រានកាន់កាប់រំលោភដីចំណីផ្លូវ និងការលុបប្រឡាយ ស្រះ និងគន្លងបង្ហូរទឹកសម្រួលសុវត្ថិភាពផ្លូវថ្នល់ នៅតាមបណ្តាញផ្លូវជាតិលេខ៤ រាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖