(ភ្នំពេញ)៖ តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា វាយតម្លៃខ្ពស់ និងកោតសសើរកិច្ចខិតខំប្រឹង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការសិទ្ធិមនុស្សជាសេនាធិការ លើការសរសេររបាយការណ៍សិទ្ធិមនុស្ស បានទាន់ពេល ដាក់ទៅអង្គការសហប្រជាជាតិ និងចូលរួមយ៉ាងសកម្មក្នុងការធ្វើបទបង្ហាញ និងការពាររបាយការណ៍របស់ខ្លួនលើឆាកអន្តរជាតិ ជាពិសេសនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ នេះបើតាមលោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក ជិន ម៉ាលីន បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បន្ទាប់ពីលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ចប់ជំនួបពិភាក្សាការងារជាមួយលោក Pradeep Wage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការតាមដានការអនុវត្តអនុសាសន៍ UPR និងការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងកិច្ចការងាររបាយការណ៍សិទ្ធិមនុស្ស ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បានវាយតម្លៃខ្ពស់ និងកោតសសើរនូវកិច្ចខិតខំប្រឹង និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការសិទ្ធិមនុស្សជាសេនាធិការ មានន័យថាយើងសរសេររបាយការណ៍បានទាន់ពេល យើងបានដាក់របាយការណ៍ទៅអង្គការសហប្រជាជាតិ បានទាន់ពេលហើយបានចូលរួមយ៉ាងសកម្មការធ្វើបទបង្ហាញ និងការពាររបាយការណ៍របស់ខ្លួននៅលើឆាកអន្តរជាតិ ជាពិសេសនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ»។
បើតាមលោក ជិន ម៉ាលីន បានឱ្យដឹងថា របាយការណ៍ទាំងសិទ្ធិទាំងប៉ុន្មានដែលដាក់ទៅអង្គការសហប្រជាតិ មិនមែនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាតែមួយនោះទេ ប៉ុន្តែ របាយការណ៍ខ្លះវាស្ថិតនៅក្នុងវិស័យផ្សេង ហើយគណៈកម្មាធិការសិទ្ធិមនុស្ស គឺទទួលតែរបាយការណ៍អនុសញ្ញា និងសន្ធិសញ្ញា ចំនួន៥ប៉ុណ្ណោះ រួមមានទី១៖ ការរើសអើងពូជសាសន៍, ទី២៖ សិទ្ធិសេដ្ឋកិច្ច វប្បធម៌ និងសង្គម, ទី៣៖ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ, ទី៤៖ ការបាត់ខ្លួនដោយបង្ខំ និងទី៥៖ ពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍។ ដូច្នេះ របាយការណ៍ទាំង៥នេះ ជាភារកិច្ចរបស់គណៈកម្មាធិការ ដើម្បីរៀបចំពីវឌ្ឍនភាព និងការអនុវត្តន៍សន្ធិសញ្ញា អនុញ្ញា ក្នុងនាមកម្ពុជា ជារដ្ឋសមាជិក បញ្ជូនទៅអង្គការសហប្រជាជាតិ។
លោក ជិន ម៉ាលីន បានបន្តថា ក្រៅពីរបាយការណ៍ទាំង៥នេះ គណៈកម្មាធិការសិទ្ធិមនុស្ស ក៏ទទួលសរសេរលើរបាយការណ៍ធំជាងគេ គឺរបាយការណ៍ UPR មានន័យថា គណៈកម្មាធិការទទួលលើគ្រប់វិស័យទាំងអស់របស់ស្ថាប័នរដ្ឋ ដែលបានដាក់ជូនអង្គការសហប្រជាជាតិបានទាន់ពេលវេលា និងបានការពារធ្វើបទបង្ហាញ ព្រមទាំងទទួលយកអនុសាសន៍មួយចំនួន ដើម្បីយកមកផ្សព្វផ្សាយបន្តផងដែរ។
«តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានស្នើឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួយសម្របសម្រួលជាមួយគណៈកម្មការផ្សេងៗនៅក្នុងក្រសួង ស្ថាប័ន ដេលដាក់មិនទាន់ពេលវេលា មានការយឺតយ៉ាវ បើទោះបីមិនស្ថិតនៅក្រោមគណៈកម្មាធិការសិទ្ធិមនុស្សក៏ដោយ ដូច្នេះ សូមឱ្យជួយជំរុញ ឬជួយផ្នែកសមត្ថភាព ដើម្បីឱ្យស្ថាប័នទាំងអស់អាចសរសេររបាយការណ៍របស់ខ្លួន ឱ្យបានគ្រប់ជ្រោងជ្រោយ និងអាចទៅការពារបាននៅអង្គការសហប្រជាជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជិន ម៉ាលីន។
ពាក់ព័ន្ធឹសំណើនេះ លោក ជិន ម៉ាលីន បានឱ្យដឹងថា ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានទទួលយកសំណើរបស់តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីជួយជំរុញចំណុចដែលក្រសួង ស្ថាប័ននីមួយៗ នៅមានចន្លោះខ្វះខាត ទៅតាមសមត្ថកិច្ចរបស់គណៈកម្មាធិការ។
ក្នុងកិច្ចពិភាក្សានេះដែរ តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានស្វាគមន៍ និងគាំទ្រយ៉ាងរីករាយចំពោះគម្រោងបង្កើតស្ថាប័ននេះ ហើយសន្យាថា នឹងជួយតាមលទ្ធភាពដែលខ្លួនមាន។
បើតាមលោក ជិន ម៉ាលីន, នៅលើពិភពលោកនេះ មានប្រទេសខ្លះបានបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិរួចហើយ ឯប្រទេសផ្សេងទៀត ក៏មិនទាន់បានបង្កើតដូចកម្ពុជាដែរ។ សម្រាប់កម្ពុជាវិញ គណៈកម្មាធិការសិទ្ធមនុស្សនឹងប្រឹងប្រែងធ្វើយ៉ាងណា ឱ្យការបង្កើតស្ថាប័នមួយនេះរួចរាល់ នៅក្នុងអាណត្តិទី៦នេះ។ សម្រាប់សេចក្តីព្រាងច្បាប់នេះ នៅឡើយតែយកទៅដាក់ក្នុងសិក្ខាសាលា ដើម្បីពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រីអនុម័ត និងបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភាឱ្យសម្រេច តាមនីតិវិធីបង្កើតច្បាប់។