(យេម៉ែន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon នៅថ្ងៃអង្គារនេះ បានស្នើឲ្យភាគីទាំងអស់ ដែលកំពុងប្រយុទ្ធគ្នា នៅក្នុងប្រទេសយេម៉ែន ប្តេជ្ញាអនុវត្តបទឈប់បាញ់គ្នា ឲ្យបានទូលំទូលាយ និងជាអចិន្ត្រៃយ៍ ឆ្ពោះទៅរកការសម្របសម្រួល កិច្ចពិភាក្សាសន្តិភាព ដោយអង្គការសហប្រជាជាតិ នេះបើតាមព័ត៌មាន WAM របស់សហភាពអារ៉ាប់ ចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦។
ការស្នើនេះលោក Ban Ki-moon បានធ្វើឡើងនៅអំឡុងកិច្ចប្រជុំ ជាមួយនឹងអនុប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីយេម៉ែន លោក Khaled Mahfoudh Abdullah Bahah នៅរដ្ឋធានី Abu Dhabi សហភាពអារ៉ាប់រួម ជាកន្លែងដែលគាត់បាននឹងកំពុងចូលរួម នៅក្នុងកិច្ចប្រជុំកំពូលថាមពលអនាគត របស់ពិភពលោក។
ជាថ្មីម្តងទៀត លោក Ban Ki-moon បានសម្តែងនូវការព្រួយបារម្ភ អំពីជម្លោះដែលកំពុងបន្ត បណ្តាលឲ្យជនស៊ីវិលជាច្រើនស្លាប់ និងរបួស ព្រមទាំងមានការប្រកាស នូវវិបត្តិមនុស្សធម៌ នៅក្នុងប្រទេយេម៉ែនផងដែរ។ ជម្លោះរយៈពេលជាង១ឆ្នាំ រវាងបក្សផ្សេងគ្នា នៅក្នុងប្រទេសយេម៉ែននេះ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងប្រមាណ២,៥លាននាក់ ធ្វើការភ្លៀសខ្លួន ព្រមទាំងប៉ះពាល់ដល់សន្តិសុខស្បៀង សម្រាប់មនុស្ស៧,៦លាននាក់។ លោក Ban ក៏បានផ្លាស់ប្តូរទស្សនៈគ្នា ជាមួយនឹងអនុប្រធានាធិបតីយេម៉ែន អំពីរបៀបដើម្បីបង្កើតបទឈប់បាញ់គ្នាថ្មី និងរៀបចំជុំថ្មីនៃកិច្ចចរចារនយោបាយ។
សហភាពអារ៉ាប់រួម គឺជាផ្នែកមួយ នៃក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដោយមានការចូលរួមពីប្រទេសអារ៉ាប់ចំនួន៩ ដើម្បីគាំទ្រ ដល់រដ្ឋាភិបាលស្របច្បាប់ របស់ប្រទេសយេម៉ែន នៃលោកប្រធានាធិបតី Abd Rabbu Mansour Hadi ដោយក្រុមចម្រុះបានបើក យុទ្ធនាការ វាយប្រហារតាមដែនអាកាស ជារៀងរាល់ថ្ងៃលើមូលដ្ឋានក្រុមឧទ្ទាម Shiite Houthi គាំទ្រដោយប្រទេសអ៊ីរ៉ង់ នៅទូទាំងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥ នៅពេលដែលលោកប្រធានាធិបតី Hadi បានគេចខ្លួនទៅកាន់ទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារមានការគម្រាមកំហែងពីក្រុមឧទ្ទាម៕