(ភ្នំពេញ)៖ ក្រុមការងារធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក នឹងបន្តប្រជុំជួបគ្នាម្តងទៀត នៅក្រសួងមហាផ្ទៃ នាវេលាម៉ោង ៣៖០០រសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ស្អែកនេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
សមាជិករបស់ក្រុមការងារធ្វើវិសោធនកម្មនេះ បានឱ្យដឹងថា ក្រុមការងារបានសម្រេចយកចំណុចប្រមាណ ៥-៦មាត្រា នៃច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរៀបចំកែសម្រួលឡើងវិញ ទៅស្ថានភាពជាក់ស្តែង។
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតក្រុមការងារសម្រាប់រៀបចំវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក បន្ទាប់ពីមានប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋ៕