Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

01-07-2020 17:15

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ស.វ.ស លើកទី៧១ ក្រោមអធិបតីភាពរបស់សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ស.វ.ស និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ស.វ.ស ព្រមទាំងវត្តមាន លោក លោកស្រីជាអ្នកសង្កេតការណ៍ជាច្រើនរូបទៀតផងដែរ។

អង្គប្រជុំនេះបាន ពិនិត្យ ពិភាក្សានិងសម្រេច លើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ ផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២១-២០២៣ និងផែនការថវិកាឆ្នាំ២០២១ របស់ ស.វ.ស ក្នុងទិសដៅពង្រឹង និងពង្រីកការងារបណ្តុះបណ្តាល សិក្សាស្រាវជ្រាវ ជាពិសេស ផ្នែកវេជ្ជសាស្រ្តឯកទេស គិលាននុបដ្ឋ និងឆ្មប ឲ្យកាន់តែមានភាពជឿនលឿន និងស្តង់ដារខ្ពស់ដូចប្រទេសជិតខាង។

២៖ របាយការណ៍សមិទ្ធផល៦ខែដើមឆ្នាំ២០២០ របស់ ស.វ.ស ជាពិសេសការពង្រីកនូវហេត្ថារចនាសម្ពន្ធ័ថ្មីៗ និងទំនើបកម្មសំរាប់ជាថ្នាលបណ្តុះបណ្តាល និងស្រាវជ្រាវឈានមុខគេនៅកម្ពុជា។

៣៖ ការរៀបចំបង្កើតផ្នែក សវនកម្មផ្ទៃក្នុង ស.វ.ស ។

៤៖ ការរៀបចំកិច្ចសន្យាជាមួយអង្គការ JATA ក្នុងការរៀបចំមណ្ឌលរោគវិនិច្ឆ័យវេជ្ជសាស្រ្តស្តង់ដាជប៉ុន នៅទីតាំងទី១របស់ ស.វ.ស។

៥៖ របាយការណ៍អំពីការអភិវឌ្ឍ នៃការសហការជាមួយក្រុមហ៊ុន BMEC ទាក់ទងនឹងការរៀបចំគ្លីនិកព្យាបាល ដោយចលនា (PT Clinic) នៅទីតាំងទី២របស់ ស.វ.ស។

៦៖ ការរៀបចំមន្ទីរពិសោធន៍ ធ្វើតេស្តរកមេរោគកូវីដ១៩ នៅសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

អង្គប្រជុំបានប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់នៅវេលាម៉ោង១៧៖០០នាទី ប្រកបដោយបរិយាកាសនិងលទ្ធផលល្អប្រសើរ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕