(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund) ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងលើកកម្ពស់ការចូលរួមពីវិស័យឯកជនក្នុងការបង្កើតការងារសមរម្យ និងបង្កើនគុណភាពជំនាញ ដើម្បីប្រែក្លាយកម្ពុជាពីសេដ្ឋកិច្ចអតិពលកម្មទៅជាសេដ្ឋកិច្ចផ្អែកលើជំនាញ ក្នុងគោលដៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នាឆ្នាំ ២០៥០។

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ មូលនិធិអភិវឌ្ឍន៍ជំនាញបានដាក់ឱ្យដំណើរការកម្មវិធីថ្មីបន្ថែម (COVID-19 Response Program) ដើម្បីជួយសម្រាលផលប៉ះពាល់ពីជំងឺកូវីដ-១៩ តាមរយៈការផ្តល់ថវិកាសម្រាប់គម្រោងបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី ដល់សហគ្រាសកម្រិតមីក្រូ តូច និងមធ្យម និងអ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កម្មវិធីនេះនឹងផ្តល់កញ្ចប់ថវិកាសម្រាប់ការបណ្ដុះបណ្ដាលដល់ឯកត្តបុគ្គល ឬជាក្រុម, ជាក្រុមហ៊ុន និងស្ថាប័នទាំងឡាយ ដែលមានបំណង បណ្ដុះបណ្ដាលជំនាញរយៈពេលខ្លី ទៅដល់បុគ្គលិកសហគ្រាសមីក្រូ ធុនតូច និងមធ្យម អ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ច ក្រៅប្រព័ន្ធ កម្មករ និយោជិតដែលត្រូវព្យួរការងារ និងអ្នកបាត់បង់ការងារដោយសារជំងឺកូវីដ-១៩ ទៅលើជំនាញអក្ខរកម្មឌីជីថល, ជំនាញដំឡើង និងប្រើប្រាស់ឧបករណ៍ទប់ស្កាត់ជំងឺកូវីដ-១៩, ជំនាញទន់, និងជំនាញចាំបាច់នានាដែលមាន តម្រូវការជាក់ស្តែង។

លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកគម្រោងបានលើកឡើងថា កម្មវិធីឆ្លើយតបនឹងជំងឺកូវីដ-១៩ នេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រាលផលប៉ះពាល់នៃជំងឺកូវីដ-១៩ បានមួយកម្រិត ដល់អ្នកដែលទទួលរងផលប៉ះពាល់ក្នុងរូបភាពជាការព្យួរ ឬបាត់បង់ការងារក្នុងវិស័យទាំងនេះ។

កម្មវិធីនេះនឹងចាប់ផ្តើមដំណើរការ និងទទួលពាក្យស្នើសុំចាប់ពីថ្ងៃនេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈ
* ទូរស័ព្ទដៃ: +855 12 635 294
* ទូរស័ព្ទការិយាល័យ: +855 23 901 583
* ហ្វេសប៊ុកផេក: sdfcambodia (https://bit.ly/សូមចុចទីនេះដើម្បីផ្ញើសារ)
* សារអេឡិចត្រូនិក: [email protected]
* គេហទំព័រ: www.sdfcambodia.org 
តំណរភ្ជាប់ដើម្បីទាញយកឯកសារ៖ https://bit.ly/ឯកសារគម្រោងកូវីដ-១៩