(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ (ILO) បានព្យាករថា នៅឆ្នាំ២០១៦នេះ មនុស្សនៅលើពិភពលោកប្រមាណ ១៩៩.១លាននាក់ អត់ការងារធ្វើ ខណៈឆ្នាំ២០១៧ នឹងកើនឡើងដល់ ២០០.១លាននាក់ ចំនួននេះមានការកើនឡើងច្រើនបើធៀបឆ្នាំ២០១៥ ដែលមានប្រមាណតែ ១៩៧.១លាននាក់។
ILO នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា បើទោះបីជាមានការថយចុះកម្រិតនៃភាពគ្មានការងារធ្វើក្នុងប្រទេស ដែលមានសេដ្ឋកិច្ចអភិវឌ្ឍមួយចំនួនក៏ដោយ ការវិភាគថ្មីមួយបង្ហាញថា វិបត្តិការងារសកល ទំនងជានឹងមិនចប់នោះឡើយ ជាពិសេសក្នុងប្រទេសមានសេដ្ឋកិច្ចទើបរីកចម្រើន។
របាយការណ៍បានឲ្យដឹងថា តួលេខចុងក្រោយនៃអ្នកគ្មានការងារធ្វើក្នុងឆ្នាំ២០១៥ ត្រូវបានគេប៉ាន់ប្រមាណថាមាន ១៩៧.១លាននាក់ ហើយក្នុងឆ្នាំ២០១៦ មានការព្យាករថា តួលេខនេះ នឹងកើនឡើងដល់ ១៩៩.៤ លាននាក់ ហើយនៅឆ្នាំ២០១៧ នឹងមានការកើនឡើង ១.១លាននាក់បន្ថែមទៀត។
លោក Guy Ryder អគ្គនាយក ILO បានលើកឡើងថា «ភាពថមថយ នៃកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ក្នុងប្រទេសដែលមានសេដ្ឋកិច្ចទើបរីកចម្រើន គួបផ្សំនឹងការធ្លាក់ចុះយ៉ាងគំហ៊ុកនៃតម្លៃទំនិញ កំពុងមានផលប៉ះពាល់យ៉ាងខ្លាំងមកលើពិភពការងារ»។
លោកបានបន្ថែមទៀតថា «ស្ត្រី និងបុរសកំពុងធ្វើការងារជាច្រើននាក់ ត្រូវទទួលយកការងារដែលមានប្រាក់កម្រៃទាប ទាំងក្នុងប្រទេសដែលមានសេដ្ឋកិច្ចទើបរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍ។ និន្នាការនេះក៏កាន់តែមានច្រើន ក្នុងប្រទេសអភិវឌ្ឍផងដែរ។ បើទោះបីជាមានការថយចុះនូវចំនួនអ្នកគ្មានការងារធ្វើ ក្នុងប្រទេសមួយចំនួននៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ មានមនុស្សច្រើននាក់ពេក ដែលនៅគ្មានការងារធ្វើ។ យើងចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីបង្កើនចំនួនឱកាសការងារសមរម្យ បើមិនដូច្នោះទេ យើងនឹងប្រឈមនឹងភាពតានតឹងក្នុងសង្គមកាន់តែច្រើនជាងមុនជាមិនខាន»។
ILO បានគូសបញ្ជាក់ថា ប្រទេសដែលមានសេដ្ឋកិច្ចទើបរីកចម្រើនទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។ បច្ចុប្បន្ននេះ សក្តានុពលការ ងារមានការថមថយនៅតាមប្រទេស ដែលមានសេដ្ឋកិច្ចទើបរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍ ជាពិសេសក្នុងប្រទេសប្រេស៊ីល ប្រទេសចិន និងប្រទេសផលិតប្រេង។ លោក Raymond Torres ប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ ILO ពន្យល់ថា បរិយាកាសសេដ្ឋកិច្ចគ្មានស្ថិរភាព ពាក់ព័ន្ធលំហូរមូលធន ដែលមានការឡើងចុះមិនឋិតឋេរ ទីផ្សារហិរញ្ញវត្ថុ ដែលនៅមិនទាន់បំពេញមុខងារឲ្យបានល្អនៅឡើយ និង កង្វះតម្រូវការក្នុងសកលលោកទាំងមូល បន្តមានផលប៉ះពាល់លើសហគ្រាស និង បន្ទុចបង្អាក់ដល់ការវិនិយោគ និងការបង្កើតការងារ៕