(ភ្នំពេញ)៖ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Christopher George Edgar ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា ។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះការគាំទ្រយ៉ាងពេញទំហឹង និងកិច្ចសហប្រតិបត្តិការដ៏ល្អ របស់សហភាពអឺរ៉ុបនៅកម្ពុជា ចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចដំណើរការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោតលើវិស័យអប់រំ សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល, ជាពិសេស ការកែទម្រង់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលក្នុងពេលថ្មីៗកន្លងទៅនេះ សហភាពអ៊ឺរ៉ុបបានផ្តល់ទឹកប្រាក់ប្រមាណជា ២១លានអ៊ឺរ៉ូ ជាហិរញ្ញប្បទាន ក្រោមលក្ខណៈជាថវិកាគំាទ្រ (Budget Support) ដល់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា សម្រាប់អនុវត្តចាប់ពីឆ្នាំ ២០១៦ ដល់ ឆ្នាំ២០១៩ ។
លោក Christopher George Edgar បានឲ្យដឹងថា សហភាពអឺរ៉ុបបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំការងារកែទម្រង់សំខាន់ៗទំាងឡាយ និងគូសបញ្ជាក់នូវគោលជំហរច្បាស់លាស់ ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះដែរ លោក Christopher George Edgar ក៏បានលើកសំណើ និងផ្តល់អនុសាសន៍កែលម្អចំនួន ក្នុងគោលដៅឈានទៅសម្រេចបានជាស្ថាពរនូវក្របខ័ណ្ឌវាយតម្លៃសមិទ្ធកម្ម (Performance Assessment Framework) ដែលជាសូចនាករសមិទ្ធកកម្មគន្លឹះនៃការវាយតម្លៃរួមគ្នារវាងកម្ពុជា និងសហភាពអឺរ៉ុប ចំពោះការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ប្រកបដោយសុក្រឹត្យភាព ។
បន្ថែមលើការវាយតម្លៃខ្ពស់ ចំពោះសហភាពអឺរ៉ុបដែលបានចូលរួម ចំណែកដល់កិច្ចអភិវឌ្ឍនៅកម្ពុជា, លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការផ្តល់ហិរញ្ញប្បទាន ក្រោមទម្រង់ជាមូលនិធិទ្រទ្រង់ថវិកា ដែលនឹងជំរុញការគាំទ្រការពង្រឹង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ របស់កម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយ លោកបណ្ឌិតរដ្ឋមន្រ្តី ក៏នឹងពិនិត្យ ពិចារណា ដើម្បីពង្រឹងនូវយន្តការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីឱ្យការអនុវត្តថវិកាហិរញ្ញប្បទាននេះ អាចប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ៕