(ប៉ាគីស្ថាន)៖ យោងតាមព័ត៌មានស៊ិនហួ ចេញផ្សាយនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្រុមឧទ្ទាម Taliban នៅប្រទេសប៉ាគីស្ថាន បានអះអាងទទួលស្គាល់ថា ការវាយប្រហារលើសាកលវិទ្យាល័យ Bacha Khan University នៅភាគខាងជើងប្រទេស ប៉ាគីស្ថាន គឺជាទង្វើរបស់ខ្លួន ដែលបានបណ្តាលឲ្យមនុស្ស២០នាក់បានស្លាប់ និងជាង ៥០នាក់បានរងរបួស បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបានសម្រុក ចូល និងបាញ់រះនៅក្នុងសកលវិទ្យាល័យ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានកូនសិស្ស, គ្រូបង្រៀន, សន្ដិសុខ និងខ្មាន់កាំភ្លើងចំនួន ២នាក់ផងដែរ។
តាមការបញ្ជាក់ពីខាងសកលវិទ្យាល័យបានឲ្យដឹងថា យ៉ាងហោចណាស់មានសិស្ស ៣.០០០នាក់ នៅក្នុងសកលវិទ្យាល័យ ខណៈដែល ក្រុមខ្មាន់កាំភ្លើងសម្រុកចូល។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនក្រុមឧទ្ទាមតាលីបង់ បានសម្រុកចូល និងបើកការវាយប្រហារទៅលើសាលារៀនមួយកន្លែងក្នុង ទីក្រុង Peshawar ដោយបានសម្លាប់មនុស្ស១៣៤នាក់៕