(ត្បូងឃ្មុំ)៖ ក្នុងឱកាសជួបសំណេះសំណាល និងនាំយកគ្រាប់ពូជបន្លែ និងសម្ភារៈអន្តរាគមន៍បន្ទាន់ចែកជូន កសិករចំនួន៦៧គ្រួសារ មកពី៦ឃុំ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងជំរុញឱ្យប្រជាកសិករនាំគ្នាបង្កើនការដាំដុះដំណាំរួមផ្សំបន្លែបង្ការផ្សេងៗបន្ថែម កុំទុកដីឲ្យនៅទំនេរ ដើម្បីធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង ក្នុងពេលប្រទេសមានជំងឺកូវីដ១៩ កំពុងរីករាលដាលនេះ។
ក្នុងពិធីចែកគ្រាប់ពូជបន្លែ និងសម្ភារៈនេះ ក៏មានការអញ្ជើញជាអធិបតីពី លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាលរងខេត្ត ប្រធាន/ អនុប្រធាន មន្ទីរ/ អង្គភាពជុំវិញខេត្ត និងប្រជាកសិករចូលរួមជាច្រើនរូបទៀត។
លោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងទៀតថា ការដាំដុះបន្លែបង្ការត្រូវតែអនុវត្តគ្រប់រដូវកាលទៅតាមក្រុមគ្រួសារនីមួយៗ ដោយមិនចាំបាច់តែនៅក្នុងអំឡុងកូវីដ១៩ ទើបយើងដាំដុះនោះទេ ពីព្រោះបន្លែបង្ការវាជាតម្រូវការចាំបាច់ណាស់ សម្រាប់យើងទាំងអស់គ្នាទទួលទានប្រចាំថ្ងៃ។ តាមរយៈនៃការដាំដំណាំបន្លែបង្ការនៅជុំវិញ លំនៅដ្ឋានគឺទទួលបានផលប្រយោជន៍ជាច្រើន ក្នុងការរួមចំណែកបង្កើននូវប្រាក់ចំណូល ជីវភាពកាន់តែធូធារ កាត់បន្ថយការចំណាយ និងមិនធ្វើចំណាកស្រុក នោះជាដើម។
ជាមួយគ្នានោះដែរ លោក ជាម ច័ន្ទសោភ័ណ បានជំរុញដល់ប្រជាកសិករទំាងអស់ត្រូវនាំគ្នាធ្វើការដាំដុះគ្រាប់ពូជបន្លែ ទៅតាមលក្ខណៈបច្ចេកទេសកសិកម្ម ឲ្យបានគ្រប់ៗគ្នាព្រោះវាអាចធ្វើឲ្យពលរដ្ឋអាចរកប្រាក់ចំណូល និងជួយសម្រួលដល់ជីវភាពប្រជាកសិករ នៅតាមសហគមន៍ឲ្យមានជីវភាពធូរធាច្រើនជាងមុន។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកចិត្តទុកដាក់ទៅលើដាំដំណាំបន្លែដែលគ្មានជាតិគីមី ដើម្បីចូលរួមចំណែកក្នុងការលើក ស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង និងធានានូវសុវត្ថិភាពក្នុងការបរិភោគបន្លែប្រចាំថ្ងៃព្រមទាំងទទួលបានសុខភាពល្អផងដែរ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានណែនាំដល់ប្រជាពលរដ្ឋថា ដោយស្ថានភាពបច្ចុប្បន្ននេះជំងឺកូវីដ១៩ កំពុងរីករាលដាលនៅលើសកលលោក ដូច្នេះសូមឱ្យពលរដ្ឋ ទាំងអស់ត្រូវរស់នៅឱ្យមានអនាម័យដោយត្រូវលាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ជែលជាប្រចាំចៀសវាងការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ប្រសិនបើមានអាការៈក្អកមិនបាត់ ក្តៅខ្លួនខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ឬទូរស័ព្ទទៅលេខ១១៥ ដើម្បីទទួលបានសេវា ពិនិត្យសុខភាព ឱ្យបានត្រឹមត្រូវផងដែរ។
សូមបញ្ជាក់ថា៖ ការចែកគ្រាប់ពូជជូនកសិករចំនួន៦៧គ្រួសារ មកពី៦ឃុំ ក្នុងស្រុកអូរាំងឪ រួមមាន ( ត្រកួន ស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃតឿ សាឡាត់) និងសម្ភារៈ មានទុយោសាច ថាសបណ្ដុះកូនបន្លែ សំណាញ់ទ្រើង និងកៅស៊ូគ្របរងជាដើម៕