(ពោធិ៍សាត់)៖ ដោយមានការឧបត្ថម្ភថវិកាពីសប្បុរសជន ក្នុងនិងក្រៅខេត្ត ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន បាននិមន្ដព្រះសង្ឃ ទាំងភិក្ខុ និងសាមណេរសរុបប្រមាណ៤០០អង្គ មកពីគ្រប់វត្តទូទាំងស្រុកបាកាន ប្រគេនចង្ហាន់បង្កើនភាពស្និទ្ធស្នាលរវាងព្រះសង្ឃ និងព្រះសង្ឃ ខណៈជំងឺកូវីដ១៩ បានធូរស្រាលបន្តិច ដែលធ្វើឱ្យខកខានរៀបចំពិធីបុណ្យប្រពៃណីនានា។
ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណវត្តបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្មីៗនេះ ដោយមានការចូលរួមពី លោក រុន សុភារិន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន មានសង្ឃដីកាថា ព្រះតេជគុណបាននិមន្តព្រះចៅអធិការវត្តទាំង៤២វត្ត ទូទាំងស្រុកបាកានព្រមទាំងភិក្ខុ និងសាមណេរទាំងអស់ សរុបប្រមាណ៤០០អង្គឱ្យមកទទួលចង្ហាន់ ដើម្បីរួមគ្នាជាមហាគ្រួសារព្រះសង្ឃតែមួយ ដូចមហាគ្រួសារប្រជាពលរដ្ឋទាំង៤៩ម៉ឺននាក់ ដែលរៀបចំដោយ លោក ម៉ៅ ធនិន អភិបាលពោធិ៍សាត់ដែរ។ ការធ្វើបែបនេះដើម្បីបង្កើនភាពស្និទ្ធស្នាល ដឹងសុខដឹងទុក្ខ និងចេះជួយគ្នាទៅវិញទៅមក ពេលមានបញ្ហាអ្វីកើតឡើង។
ព្រះគ្រូចៅអធិការវត្តបាកាន បានឱ្យដឹងថា ចង្ហាន់ដែលបានរៀបចំប្រគេនព្រះសង្ឃនេះ ទទួលបានព្រះរាជឧបត្ថម្ភពីសម្ដេចម៉ែ ៥០០ដុល្លារ, លោកស្រី តាំង ហ្កិចណៃ ៦០០ដុល្លារ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងនិងក្រៅខេត្ត។
ព្រះតេជគុណ ឡាយ កន បានឱ្យដឹងទៀតថា ឆ្នាំ២០២០នេះ យើងធ្វើពិធីជួបជុំប្រគេនចង្ហាន់ព្រះសង្ឃតែមួយស្រុកបាកានទេ ប៉ុន្តែឆ្នាំ២០២១ បើមានលទ្ធភាពគ្រប់គ្រាន់ យើងនឹងធ្វើទូទាំងខេត្តតែម្ដង ដែលមានព្រះសង្ឃសរុបប្រមាណជាង ២,០០០អង្គ។
ក្នុងនាមថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនាខេត្ត លោក រុន សុភារិន្ទ បានកោតសរសើរចំពោះព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវត្តបាកាន ដែលព្រះអង្គដឹកនាំ និងគ្រប់គ្រងវត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ មានទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំ និងសប្បុរសជនមកពីគ្រប់ទិសទីព្រមទាំងបានចិញ្ចឹម និងបណ្ដុះបណ្ដាល ដល់សាមណៈសិស្សរាប់រយអង្គ ពីមួយជំនាន់ទៅមួយជំនាន់។
មិនតែប៉ុណ្ណោះព្រះតេជគុណ បានចូលរួមក្នុងវិស័យមនុស្សធម៌ ផ្ដល់ស្បៀង សម្ភារៈប្រើប្រាស់ និងថវិកា ដល់សាខាកាកបាទក្រហម ចែកអំណោយជូនប្រជាពលរដ្ឋទីទល់ក្រ អ្នកជំងឺ កុមារកំព្រា កងទ័ព និងជួយសាងសង់ព្រះវិហារ សាលាឆាន់ កុដិ ដល់វត្តខ្វះខាតនៅឆ្ងាយដាច់ស្រយាលផងដែរ។
លោកប្រធានមន្ទីរបានបន្ថែមថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការ អប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។
ក្រៅពីប្រគេនចង្ហាន់ និងភេសជ្ជៈដល់ព្រះសង្ឃទាំង៤០០អង្គ ព្រះតេជគុណ ឡាយ កន បានប្រគេនក្រូចពោធិ៍សាត់មួយវត្តមួយប្លូន ដល់វត្តទាំង៤២ ទៀនចំណាំព្រះវស្សា ០១គូរ និងបច្ច័យ៥ម៉ឺនរៀលផងដែរ៕