(ភ្នំពេញ)៖ ស្ត្រី២នាក់ជាអាជីវករ ក្នុងចំណោមអាជីវករជាច្រើននាក់ ក្នុងផ្សារទំនប់ហៅផ្សារ ងិន អាន បានដួលសន្លប់ នឹងត្រូវបានដឹកយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យក្រោយក្រុមសន្តិសុខ តំណាងក្រុមហ៊ុន Newrich ជិត១០នាក់បានចូលក្នុងផ្សារ តបណ្ដាញខ្សែភ្លើងថ្មី ត្រូវក្រុមអាជីវករដេញ រហូតមានការប្រតាយប្រតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នៅចំណុច ក្នុងផ្សារភូមិទួលគោ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ស្ត្រីរងគ្រោះទី១ ឈ្មោះ សួន លីណា អាយុ២៧ឆ្នាំ មុខរបរជាអ្នកលក់កាហ្វេក្នុងផ្សារ និងទី២ ឈ្មោះ សូ ភាព អាយុ៣៧ឆ្នាំ មុខរបរជាអ្នកលក់ផ្លែឈើក្នុងផ្សារស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។ បើតាមក្រុមអាជីវករ មុនកើតហេតុគេឃើញមនុស្ស មួយក្រុមតំណាងឲ្យក្រុមហ៊ុន Newrich ដែលជាអ្នកគ្រប់គ្រងវិនិយោគដីផ្សារទំនប់បានចូលមកក្នុងផ្សារធ្វើសកម្មភាពរុះរើខ្សែរភ្លើង ដើម្បីតបណ្ដាញថ្មី ខណៈទំនាស់ដ៏រ៉ាំរ៉ៃរវាង ក្រុមហ៊ុន Newrich និងអ្នកវិនិយោគបន្ត លោក អ៊ូ សេដ្ឋានូ ពុំទាន់ដោះស្រាយចប់នៅឡើយ ទើបបណ្ដាលឲ្យក្រុមអាជីវករផ្សារជាច្រើននាក់ដេញសន្តិសុខទាំងនោះចេញ រហូតឈានដល់ការប្រើអំពើហិង្សាប្រតាយប្រតប់គ្នា ទៅវិញទៅមកបណ្ដាលឲ្យស្ត្រីជាអាជីវករ២នាក់សន្លប់ និងត្រូវបានអាជីវករដូចគ្នាដឹកយកទៅមន្ទីរពេទ្យហ្សាកាលីនដែលនៅក្បែរនោះ ដើម្បីសង្គ្រោះភ្លាមៗផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០១៦ ក្រុមអាជីវករផ្សារទំនប់ បាននាំទៅតវ៉ា ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ ខ្លួនចំនួន២នាក់ ដែលត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ហើយរហូតមកដល់ពេលនេះ មិនទាន់មានការដោះលែងនៅឡើយទេ។ ក្រុមហ៊ុន Newrich ត្រូវបានគេលួចបង្ហើបថា មានមន្រ្តីយោធាជាន់ខ្ពស់នៅពីក្រោយខ្នង៕
Posted by Sheet on Wednesday, January 20, 2016