(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំខ្លួនក្រុមជួបជុំផឹកស៊ី ដែលបង្កសំឡេងរំខាន ប្រើប្រាស់សម្តី និងកាយវិការមិនសមរម្យមកលើសមត្ថកិច្ច នៅក្នុងសង្កាត់ផ្សារដើមថ្កូវ កាលពីយប់មិញនោះ ចូលខ្លួនសុំទោសជាសាធារណៈ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺ និងបកស្រាយជូនសាធារណៈជន ឲ្យបានជ្រាបទាក់ទង ទៅនឹងករណីសមត្ថកិច្ច ចុះណែនាំអប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសម្លេងរំខានដល់អ្នកជិតខាង។

ជាភារកិច្ចជាប្រចាំរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដែលតាមដានឆ្លើយតប និងមានវិធានការណ៍ ចុះដល់ទីកន្លែង ដើម្បីដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ភ្លាមៗ នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង២៣៖១០នាទីយប់ បន្ទាប់ពីទទួលបានទូរស័ព្ទ ប្តឹងពីប្រជាពលរដ្ឋថា មានករណីជួបជុំ ផឹកស៊ី ចាក់ធុងបាស់ បង្កសម្លេងរំខាន នៅផ្លូវ៤៩០ កែងផ្លូវ១៣៥ ភូមិ០២ សង្កាត់ផ្សារដើមថ្កូវ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ចំនួន២នាក់ បានចុះដល់ទីតាំងភ្លាមៗ ដើម្បីធ្វើការណែនាំអប់រំ និងបញ្ឈប់សកម្មភាពរំខាននេះ។

ប៉ុន្តែក្រុមជួបជុំផឹកស៊ី មានគ្នាប្រហែលជា៣០នាក់ ក្នុងស្ថានភាពស្រវឹងខ្លាំង ដែលកំពុងផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខាន ដល់អ្នកជិតខាង មិនអាចសម្រាកបាន មិនត្រឹមតែមិនស្តាប់តាមការណែនាំ របស់សមត្ថកិច្ច ថែមទាំងប្រើប្រាស់សម្តី និងកាយវិការ មិនសមរម្យមកលើសមត្ថកិច្ច ហើយថែមទាំង ចាប់ក្របួចកអាវ រកវាយសមត្ថកិច្ចទៀតផង»

ក្រុមមនុស្សទាំងនេះ បានចូលមកសុំទោសនៅអធិការដ្ឋាននគរបាលខណ្ឌ នៅចំពោះមុខអភិបាលខណ្ឌ លោក ថេង សុថល និងអធិការនគរបាលខណ្ឌលោក យិន សាន។

គូសបញ្ជាក់ថា នាម៉ោងជាង១១យប់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៩០ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជាធានីភ្នំពេញ មានករណីប្រកែកនឹងប្រទាញប្រទង់គ្នា រវាងប្រជាពលរដ្ឋជាមួយកម្លាំងនគរបាល ដែលបានចុះទៅហាមឃាត់កន្លែងផឹកស៊ីមួយកន្លែង បង្កឲ្យមានសម្លេងរំខាន ដល់ការដេកពួនរបស់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។ ក្នុងនោះ បុរសម្នាក់ក៏ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន យកទៅសួរនាំផងដែរពាក់ព័ន្ធជម្លោះនេះ៕