(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញពីឱកាសវិនិយោគជាច្រើន លើវិស័យទេសចរណ៍នៅកម្ពុជា ដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ដែលជាស្ថាប័នដ៏ធំមួយ មានសមាជិកនៅពាសពេញ តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជុំវិញពិភពលោក ប៉ុន្តែកម្ពុជាក៏បានស្នើសុំកិច្ចសហការរួមគ្នា ទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ឱ្យខាងតែបានជាមុនផងដែរ។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនាឱកាសលោក ថោង ខុន ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)។
ក្នុងកិច្ចប្រជុំនេះ ភាគី US-ABC បានលើកសំណើជាច្រើន ដើម្បីស្វែងរកការជួយកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ចទេសចរណ៍ នាកំលុងពេលកម្ពុជាជួបវិបត្តិ COVID-19 និងក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់។
លោក Amb. Michael W.Michala អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានថ្លែងថា បច្ចុប្បន្ន US-ABC មានបណ្តាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកជាច្រើន នៅពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោកជាសមាជិក ហើយតាមរយៈកិច្ចប្រជុំនេះ US-ABC ស្នើសុំបង្កើតកិច្ចសហប្រតិបត្តិការ ការដោះស្រាយបញ្ហាធុរកិច្ចក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺ COVID-19។
លោកបន្តថា សម្រាប់កិច្ចប្រជុំនាពេលមានការចូលរួម ដោយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនជាសមាជិក មកពីក្រុមហ៊ុន Google, Visa, Agoda, Expedia Group, និងក្រុមហ៊ុន Air nb ជាដើម ក្នុងគោលបំណងបង្កើតគំនិត និងការអនុវត្តល្អៗក្នុងការប្រយុទ្ធប្រឆាំងមេរោគ COVID-19 និងលើកផែនការបង្កើតកិច្ចសហប្រតិបត្តិការ ស្តារវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិបត្តិ COVID-19 ត្រូវបានបញ្ចប់ និងស្នើបន្តកិច្ចសហការជាមួយកម្ពុជា ក្នុងវិស័យធុរកិច្ចទេសចរណ៍នៅឆ្នាំបន្តបន្ទាប់ទៀត។
ឆ្លើយតបនឹងសំណើនេះ លោករដ្ឋមន្ត្រី ថោង ខុន បានស្នើឱ្យ US-ABC បន្តសហការជាមួយផ្នែកជំនាញក្រសួងទេសចរណ៍កម្ពុជា ដើម្បីអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានស្នើដល់ US-ABC ជំរុញសមាជិករបស់ខ្លួនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ ជាពិសេសសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែលកំពុងមានសក្តានុពល និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងខ្លាំង៕