(ប៉ារីស)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA (យូហ្វា) បានត្រៀមកញ្ចប់ថវិកាចំនួន ៣២៧ លានដុល្លារអាម៉េរិក សម្រាប់ចែកជូនក្រុមទាំង២៤ជម្រើសជាតិ បានជាប់មកលេង នៅពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2016 នៅប្រទេសបារាំង ។
តាមរយៈគេហទំព័រផ្លូវការរបស់ UEFA បានឲ្យដឹងថា ចំនួននេះគឺមានការកើនឡើងជាង Euro 2012 នៅប្រទេស ប៉ូឡូញ និងអ៊ុយក្រែន ដែលចំណាយអស់ត្រឹមតែ ២១២លានដុល្លារ និង Euro 2008 នៅប្រទេសស្វីស និងអូទ្រីស ចំណាយអស់ ១៩៩លានដុល្លារអាម៉េរិក ។
សម្រាប់ Euro 2016 នេះដែរ ក្រុមដែលបានឡើងមកលេងវគ្គផ្តាច់ព្រ័ត្រ២៤ក្រុមចុងក្រោយ បន្តាប់ពីការជម្រុះនឹង ទទួលបានប្រាក់រង្វាន់ ៩លានដុល្លារដោយស្វ័យប្រវត្តិ ខណៈដែលក្រុមដែលបាន ឡើងដល់វគ្គ៣២ក្រុមនៃ World Cup 2014 នៅប្រេស៊ីលទទួលបានតែ៨លានដុល្លារតែប៉ុណ្ណោះ និងទទួលបាន១លានដុល្លារបន្ថែមទៀត សម្រាប់ក្រុមឈ្នះ១ប្រកួតក្នុងពូល និងស្មើបានម្នាក់បាន ៥៥ម៉ឺនដុល្លារ ។
សម្រាប់ក្រុមដែលឈ្នះកៅអីមួយឡើងមកដល់វគ្គ១៦ក្រុម (វគ្គចាញ់ធ្លាក់) នឹងទទួលបាន ១.៦៥លានដុល្លារក្នុងមួយក្រុម និងក្រុមឡើងវគ្គដល់វគ្គ៨ក្រុមចុងក្រោយ នឹងទទួលបាន ២.៧៤លានដុល្លារ ក្នុងមួយក្រុម និងបន្ថែម ៤.៤ លាន ដុល្លារទៀត សម្រាប់ក្រុមឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង២ក្រុមដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដែលនឹង ប្រកួតបញ្ចប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះ ក្រុមឈ្នះជើងឯក នឹងទទួលបានពាន៩លានដុល្លារ និងរងជើងឯក ទទួលបាន ៥.៥លានដុល្លារ ។
ដូចនេះ សរុបជារួម ក្រុមឈ្នះជើងប្រចាំទ្វីបអឺរ៉ុប ដែលមានរយៈពេល៤ឆ្នាំម្តងនេះ UEFA EURO 2016 នឹងទទួលបាន ពាន១ មេដាយមាស២៥គ្រឿង និងរង្វាន់ទឹកប្រាក់សរុប៣០លានដុល្លារ (ឈ្នះ៣ទាំង៣ប្រកួតក្នុងពូល) និងជើងឯករង ទទួលបានមេដាយប្រាក់២៥គ្រឿង និងរង្វាន់ទឹកប្រាក់សរុប ២៥.៥លានដុល្លារ (ឈ្នះ៣ប្រកួតក្នុងពូល) និងរង្វាន់លើក ទឹកចិត្តជាច្រើនទៀត ពីការប្រកួតដែលមានរយៈ១ខែពេញ ចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដោយបារាំង ទទួលបាន៣៣លានដុល្លារ ក្នុងនាមជាម្ចាស់ផ្ទះ ៕