(ប៉ាគីស្ថាន)៖ យោងតាមទូរទស្សន៍ក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និងជាង ៥០នាក់បានរងរបួស បន្ទាប់ពីក្រុមខ្មាន់កាំភ្លើង ដែលត្រូវបានគេសង្ស័យជាក្រុមឧទ្ទាមតាលីបង់ បានសម្រុកចូល និងបាញ់រះនៅក្នុងសកលវិទ្យាល័យ Bacha Khan University នៅភាគខាងជើងប្រទេសប៉ាគីស្ថាន។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានកូនសិស្ស គ្រូបង្រៀន និងសន្ដិសុខ ហើយក៏ត្រូវបានគេរាយការណ៍មកផងដែរមានខ្មាន់កាំភ្លើង ២នាក់បានស្លាប់។
តាមការបញ្ជាក់ពីខាងសកលវិទ្យាល័យបានឲ្យដឹងថា យ៉ាងហោចណាស់មានសិស្ស ៣.០០០នាក់នៅក្នុងសកលវិទ្យាល័យខណៈដែល ក្រុមខ្មាន់កាំភ្លើងសម្រុកចូល។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ក្រុមឧទ្ទាមតាលីបង់ បានសម្រុកចូល និងបើកការវាយប្រហារទៅលើសាលារៀនមួយកន្លែងក្នុង ទីក្រុង Peshawar ដោយបានសម្លាប់មនុស្ស ១៣៤នាក់៕