(ភ្នំពេញ)៖ សំណុំរឿងដែលតុលាការបានចោទប្រកាន់ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការបញ្ហាលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គិតមកដល់ពេលនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក ស ថាវី បានបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញតាមកោះហៅរបស់តុលាការ ខណៈមនុស្សដែលពាក់ពន្ធ័ក្នុងសំណុំរឿងនេះ ចំនួន២នាក់ទៀត ត្រូវបានចៅក្រមស៊ើបសួរ ចេញដីការបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួន។

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ លោកបានអញ្ជើញឈ្មោះ ស ថាវី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ មកសួរនាំសំណុំរឿងបន្ថែមនទៀតជាច្រើន ក្នុងនោះក៏មានរឿងបញ្ហាជាប់ពាក់ព័ន្ធដីធ្លីជាច្រើន ព្រមទាំងនៅខណ្ឌព្រែកព្នៅផងដែរ។

ខ្លឹមសារដីការដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ មានខ្លឹមសារថា «យើង ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឃើញដីការបញ្ជូនរឿងឲ្យស៊ើបសួរលេខ១២១១ អ.យ.ឃចុះថ្ងៃទី២ ខែមិនា ឆ្នាំ២០២០ របស់តំណាងអយ្យការ»។ ក្រោយពីពិនិត្យសំណុំរឿងចប់សព្វគ្រប់ ឃើញថា ឈ្មោះ អ៊ុក ភក្តី ភេទប្រុស ត្រូវចោទប្រកាន់ពីបទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល។

ជាមួយគ្នានេះដែរ លោកចៅក្រមស៊ើបសួរ ពេជ្រ វិជ្ជាធរ ក៏បានចេញដីការដូចគ្នានេះ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ម៉ាត់ ឌី ក្រោមបទចោទ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» ដូចគ្នានឹងខ្លឹមសារដីការចាប់ខ្លួនឈ្មោះ អ៊ុក ភក្តី ផងដែរ។

គួរលឹកថា កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ តុលាការបានចេញដីការបង្គាប់ឲ្យឃុំខ្លួនមនុស្ស៣នាក់រួមមាន៖

*ទី១៖ ឡុង ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ
*ទី២៖ ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ
*ទី៣៖ ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ ក្រោមបទចោទប្រកាន់ «លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន» តាមបញ្ញត្តិមាត្រា២៥៥ នៃច្បាប់ភូមិបាល ខណៈជនត្រូវចោទចំនួន៦នាក់ទៀត កំពុងស្ថិតក្នុងចំណាត់ការបន្តរបស់តុលាការ។

ការសម្រេចឃុំខ្លួនក្រុមជនត្រូវចោទ ធ្វើឡើងបន្ទាប់ពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ បានសម្រេចចោទប្រកាន់លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួននៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពាក់ក្រុមជនត្រូវចោទនេះដែរលោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យផងនោះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន»។ ចំណែកបក្ខពួកផ្សេងទៀតដែលក្នុងនោះមាន៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។

ដីការបស់ព្រះរាជអាជ្ញា សយ ណូរ៉ា បានសម្រេចចោទប្រកាន់បើកការស៊ើបសួរលើមនុស្សចំនួនដូចខាងក្រោម៖

*ទី១៖ លោក ស ថាវី អាយុ៥៣ឆ្នាំ (ក្រៅឃុំ)
*ទី២៖ លោក ឡុង ដារ៉ា ហៅ ណាង (ឃុំខ្លួន)
*ទី៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ (ឃុំខ្លួន)
*ទី៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ (ឃុំខ្លួន)
*ទី៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ (ក្រៅឃុំ)
*ទី៦៖ លោក យិន អ៉ិម (ក្រៅឃុំ)
*ទី៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ (ក្រៅឃុំ)
*ទី៨៖ លោកស្រី យស់ ម៉ាលីណា (ក្រៅឃុំ)
*ទី៩៖ និង គូកន (ក្រៅឃុំ)។

ឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងជាអ្នកកាន់សំណុរឿងខាងលើនេះផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើមានដីកាពីតុលាការបង្គាប់ឲ្យចាប់ខ្លួន អ្នកនៅសេសសល់ ពាក់ព័ន្ធសំណុំរឿងខាងលើនេះ លោកនឹងស្វែងរកចាប់ខ្លួនអ្នកទាំងនោះមកផ្តន្ទាទោសតាមផ្លូវច្បាប់។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់១៥ម៉ឺនដុល្លារ ហើយបានចែកលុយនោះឲ្យទៅមេធាវីចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យលោក យិន អ៉ឺម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដីខាងលើ និងចែកមនុស្សមួយចំនួនទៀត។

ឈ្មោះ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។ ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី។

ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមានលោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុ ភក្តី ជាអ្នករៀបចំឡើង៕