(កោះកុង)៖ កម្លាំងនគរបាលការិល័យកណ្តាលប្រឆាំង បទល្មើសនៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង ក្រោមការសម្របសម្រួល ពីតំណាងអយ្យការ បានចុះប្រតិបត្តិការឆ្មក់ចូលឆែកឆេរផ្ទះសំណាក់ មួយកន្លែង (យីហោចំប៉ា) នៅវេលាម៉ោង២២៖៣០នាទីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំមួយចំនួន។
ប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោក យឹម ផេង ស្នងការរងនគរបាល និងជាប្រធានការិល័យកណ្តាលប្រឆាំងបទល្មើសរួមទាំងមន្រ្តីក្រោមឱវាទមួយចំនួនទៀត។
លោក យឹម ផេង បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់មានឈ្មោះ ៖ ១-ឈ្មោះ ហ្វៀង ភុគ អាយុ២៤ឆ្នាំ ជនជាតិវៀតណាម២ - ឈ្មោះ មាស ព្រឹក អាយុ២៩ឆ្នាំ ៣ - ឈ្មោះ ពៅ ពេជ្រ ភេទស្រីអាយុ២១ឆ្នាំ និងទី៤ - ជន ចាន់រស្មី ភេទស្រីអាយុ១៣ឆ្នាំ មុខរបរលក់កាហ្វេ។
លោកបានបន្តទៀតថា ក្រៅពីការចាប់ខ្លួនជនសង្ស័យទាំង៤នាក់នេះកម្លាំងសមត្ថកិច្ចបានឆែកឆេរ និងដកហូតបានវត្ថុតាងមាន ថ្នាំញៀនប្រភេទ (ម៉ាទឹកកក) ចំនួន២កញ្ជប់តូចរួមនិងឧប្បករណ៍ជក់មួយចំនួនទៀតផង។
លោកបានឲ្យដឹងទៀតថា ការឆ្មក់ចូលបន្ទប់ផ្ទះសំណាក់យីហោចំប៉ានេះ គឺស្ថិតក្រោមការស៊ើបសង្កេតយ៉ាងយកចិត្តទុកដាក់ ច្បាស់លាស់ទើបកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។
លោកសូមឲ្យប្រជាពលរដ្ឋចូលរួមសហការក្នុងការផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចឲ្យបានទូលំទូលាយ ដើម្បីងាយស្រួលកម្លាំងលោក ចុះធ្វើការឲ្យចំគោលដៅហើយក៏ដើម្បីភូមិឃុំមានសុវត្តិភាព និងដើម្បីអនាគតកូនចៅរបស់បងប្អូន ដែរនិងដើម្បីអនាគតកូនចៅទៅថ្ងៃមុខ ពោលឲ្យចៀសផុតពីបទល្មើសគ្រឿងញៀន ដ៏គ្រោះថ្នាក់មួយនេះ ៕