(កំពង់ឆ្នាំង)៖ ជនសង្ស័យម្នាក់ មានតួនាទីជាមេភូមិក្រាំងកន្រ្ទោល ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនបន្ទាប់ពីបានស្រាវជ្រាវរកឃើញថា បានពាក់ព័ន្ធនឹងករណីធ្វើឲ្យស្រ្តីម្នាក់ ស្លាប់ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងខ្ទមចាំចំការមួយកន្លែង ភូមិក្រាំងកន្រ្ទោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោកវីរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជារការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនខាងលើនេះមានឈ្មោះ ញេប សុខុម អាយុ៦៧ឆ្នាំ ជាមេភូមិក្រាំងកន្រ្ទោល។
លោកបានឲ្យដឹងទៀតថា តាមការបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងក្រោមការសម្របម្រួលនីតីវិធីពីតំណាងអយ្យការ កម្លាំងអាវុធហត្ថ បានស្រាវជ្រាវតាមនីតិវិធី និងឈានទៅឃាត់ខ្លួនមេភូមិលោក ញេប សុខុម ដើម្បីយកមកធ្វើការសាកសួរកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២០។
លុះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ទើបជនសង្ស័យបានសារភាពថា រូបគាត់ដែលជាជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហារជាមួយគ្នា អស់រយៈពេល៥ឆ្នាំមកហើយ។ ដោយឡែកនៅថ្ងៃកើតហេតុ ស្របពេលនោះក្នុងភូមិមានពិធីភ្ជាប់ពាក្យហើយ ខាងស្រីក៏បានមកចូលរួមក្នុងពិធីភ្ជាប់ពាក្យផងដែរ។
ក្រោយពីចប់ពិធីភ្ជាប់ពាក្យស្រ្តីជាគ្រោះបានជិះម៉ូតូទៅចំណុចស្រែណីចាំមុន រួចបានទូរស័ព្ទមកជនសង្ស័យ និងបានជួបគ្នានៅវេលាម៉ោងប្រមាណ១២៖៣៧នាទីថ្ងៃត្រង់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ក្រោយពីបានជួបគ្នាជនសង្ស័យ និងជនរងគ្រោះ បានរួមមេត្រីជាមួយគ្នាដូចសព្វមួយដង ដោយលើកនេះពួកគេបានរួមរ័ក្សជាមួយគ្នានៅកន្លែងថ្លុកក្របី គ្មានទឹកមួយកន្លែង ដែលមានចម្ងាយពីខ្ទមដែលដុតសពស្ត្រីរងគ្រោះប្រមាណជា៣០ម៉ែត្រ។
ជនសង្ស័យបានបន្តទៀតថា នៅពេលដែលកំពុងរួមភេទ ខណៈនោះជនរងគ្រោះមានអាការៈកន្ត្រាក់ដៃជើង ឃើញដូច្នេះជនសង្ស័យក៏បានជួយធ្វើចលនារឹតទ្រូង នឹងច្របាច់គក់ អស់រយៈពេលជាច្រើននាទី ស្ត្រីរងគ្រោះនៅតែមិនដឹងខ្លួន ទើបជនសង្ស័យបានបីជនរងគ្រោះ យកទៅដាក់នៅក្នុងខ្ទមចាំចំការ ដែលនៅក្បែរនោះ បន្ទាប់មកក៏ទៅរើសកំទេចកម្ទី អង្កាម និងស្លឹកត្នោត មកគរពីលើជនរងគ្រោះហើយកេះដែកកេះដុតជនរងគ្រោះ ដើម្បីបំបាត់ភស្តុតាងតែម្ដង។ ពេលដុតជនរងគ្រោះឃើញថា ឆេះហើយនោះ រូបគេក៏បានជិះម៉ូតូចេញពីទីនោះភ្លាមៗដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន កងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តទៅ តាមនីតិវិធី។
គួររំលឹកថា៖ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០ មានករណីស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងខ្ទមចាំចម្ការមួយកន្លែងនៅចំណុចសែនណី ក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយដងខ្លួនត្រូវបានភ្លើងឆេះមួយកំណាត់ផ្នែកខាងលើ ដោយមិនដឹងពីមូលហេតុពិតប្រាកដ ដែលស្ត្រីរងគ្រោះមានឈ្មោះ ជា ថន អាយុ៥៦ ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្ដីជាជនពិការភ្នែកទាំងសង ខាងទៀតផង។
បន្ទាប់ពីសមត្ថកិច្ច កងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ រយៈពេលប៉ុន្មានថ្ងៃមកនេះ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២០តែម្តង៕