(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តផ្សព្វផ្សាយក្នុងការការពារនៃការឆ្លងជំងឺកូវីដ១៩ ជូនបង-ប្អូនប្រជាពលរដ្ឋតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំពីក្រសួងសុខាភិបាល ស្របតាមស្មារតី នៃសារាចរណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ការចុះផ្សព្វផ្សាយក្នុងការការពារនៃការឆ្លងជំងឺកូវីដ១៩ របស់អភិបាលខណ្ឌឫស្សីកែវ បានធ្វើឡើងក្នុងពេលដែលលោកដឹកនាំក្រុមការងារយុវជន សសយក ខណ្ឌ-សង្កាត់ ចុះនាំយកអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន មានជាអង្ករ ក្នុងម្នាក់ៗ ៥គីឡូក្រាម ឃីត១ (ទឹកស៉ីអ៉ីវ-ទឹកក្រូច-ម៊ី) ជូនតាមខ្នងផ្ទះបង-ប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន១៩០គ្រួសារ ដើម្បីជួយស្រួលដល់ជីវភាព រស់នៅ ស្ថិតភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
ជាមួយការផ្សព្វផ្សាយនេះ លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី បានប្ដជ្ញានិងខិតខំយកចិត្តទុកដាក់ឲ្យអស់ពីកម្លាំងចិត្ត កាយ ប្រាជ្ញា ស្មារតី ក្នុងការបំផុសឲ្យមានការចូលរួមទប់ស្កាត់ការរីករាល ដាលនៃជម្ងឺកូវីដ១៩ នូវទូទាំងពិភពលោក តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយស្របតាមស្មារតី នៃសារាចរណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន។
យោងតាមសេចក្ដីណែនាំ ស្ដីពីវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ មានរហូតដល់៩ចំណុចសំខាន់ៗ មានដូចខាងក្រោម៖
*ទី១៖ ស្វាគមន៍គ្នា ដោយការគោរពគំនាប់ ឫលើកដៃសំពះតាមទំនៀមទម្លាប់ខ្មែរ ចៀសវាងការចាប់ដៃ។
*ទី២៖ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឫអាល់កុលលាងដៃឲ្យបានញឹកញាប់ មុនពេលបរិភោគអាហារ មុនយកដៃទៅប៉ះពាល់មុខ ឫបន្ទាប់ពីចូលបន្ទប់ទឹករួច។
*ទី៣៖ រៀបចំឲ្យមានកំប៉ុងអាល់កុល ឫសាប៊ូសម្រាប់លាងដៃនៅគ្រប់អង្គភាព និងអនាម័យជាប្រចាំតាមបន្ទប់ សាលប្រជុំ ដោយប្រើថ្នាំសម្លាប់មេរោគ ឫសាប៊ូឲ្យបានត្រឹមត្រូវ និងញឹកញាប់។
*ទី៤៖ បើមានរោគសញ្ញាណាមួយដូចជា៖ គ្រុនក្ដៅ ហៀរសំបោរ ឈឺបំពង់ក ក្អក កណ្ដាស់ ពិបាកដកដង្ហើម ត្រូវទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាព ឫមន្ទីរពេទ្យបង្អែកដែលនៅជិត។
*ទី៥៖ នៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើកន្សែង ក្រមា កែងដៃ ឫក្រដាស រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ បន្ទាប់មកត្រូវលាងសម្អាតដៃនិងសាប៊ូ ឫអាល់កុល។
*ទី៦៖ ពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវរក្សាចម្ងាយសុវត្ថិភាពលើពី ១,៥ ម៉ែត្រ និងតម្រូវឲ្យគាត់ពាក់ម៉ាស់។
*ទី៧៖ ចំពោះមន្ត្រីទើបត្រឡប់ពីបណ្ដាប្រទេស ដែលកំពុងរីករាលដាលខ្លាំងនៃជំងឺ កូវីដ-១៩ ត្រូវដាក់ឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។
*ទី៨៖ រាល់បេសកកម្មក្រៅប្រទេសត្រូវផ្អាកមួយរយៈពេល ចាប់ពីថ្ងៃទទួលបានសេចក្ដីជូនដំណឹងនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងមានការយល់ព្រមពីក្រសួង។
*ទី៩៖ អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាននិងរាយការណ៍ជាប្រចាំ ពីស្ថានភាពសុខភាពមន្ត្រីរបស់ខ្លួន។ ក្នុងករណីមន្ត្រីណាមានការសង្ស័យដោយមាន រោគសញ្ញាស្រដៀងនឹងជំងឺ កូវីដ-១៩ ត្រូវទូរស័ព្ទជាបន្ទាន់ទៅលេខ ១១៥។
ទទួលបានសេចក្ដីណែនាំនេះ គ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តនូវវិធានការខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមមេត្តាតាមដានជាប្រចាំការផ្សព្វផ្សាយបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល៕