(ភ្នំពេញ)៖ លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរងធនាគាជាតិ និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក ដែលជាកញ្ចប់ថវិការបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាបង្កើតសម្តេចកិត្តិព្រឹត្តិបណ្ឌិត ជូនដល់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សម្រាប់កសាងមហាប្រាសាទតម្កល់ព្រះត្រៃបិដក ត្រង់បុស្សបុកកណ្តាល ដើម្បីឧទ្ទិសមហាកុសលជូនចំពោះអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើការកសាង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាពិសេសផ្តល់ដីចំនួន១២៦ហិកតា សម្រាប់កសាងមជ្ឈមណ្ឌលជាដើម។ កាយវិការនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះវិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើនសម្រាប់ជាទីគោរពបូជា នៃមនុស្សលោកទាំងមូល។
ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានជូននូវមហាបុណ្យកុសលទាំងអស់ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឱ្យបានទទួលនូវពុទ្ធពរទាំងឡាយ ៤ប្រការ និងសូមឧទ្ទឹសនូវមហាកុសលទាំងអស់នេះ ជូនចំពោះអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ព្រមទាំងមហាឧបាសក លីន គ្រី ដែលជាមាតាបិតាបង្កើតរបស់សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី សូមវិញ្ញាណក្ខន្តលោកទាំង២ បានសោយសុខក្នុងសុគតិភព នាបរលោកឯនាយកុំបីខាន។
លោកស្រី អ៊ុក ម៉ាលី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានមានប្រសាសន៌កើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ក្នុងការខិតខំកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដ៏ធំនេះឱ្យចេញជារូបរៀងឡើង ដើម្បីជាសម្បត្តិជាតិ និងសម្បត្តិព្រះពុទ្ធសាសនាកម្ពុជា។ លោកស្រីក៏សូមថ្លែងអំណរគុណដល់ពុទ្ធបរិស័ទ្ទ និងសប្បុរសជន ដែលបានចូលរួមចំណែកក្នុងការជួយឧបត្ថម្ភកន្លងមក និងសូមអំពាវនាវអោយមានការចូលរួមបន្តរទៀត ដើម្បីកសាងមជ្ឈមណ្ឌលមួយនេះទុកជាសម្បត្តិវប្បធម៌របស់ជាតិ កន្លែងគោរពសក្ការៈបូជា នៃពុទ្ធបរិស័ទ្ទ និងជាទីកន្លែងបម្រើដល់ភ្ញៀវទេសចរណ៍ បែបព្រះពុទ្ធសាសនាដែលពួកគេមកទស្សនានៅទីនេះ ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងមានសុខសន្តិភាពក្រោមម្លប់នៃការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខដឹកនាំ៕