(បន្ទាយមានជ័យ)៖ ពលករខ្មែរសរុបមានចំនួន១៣នាក់ ត្រូវបានតម្រួតថៃឃាត់ខ្លួននៅក្នុងទឹកដីថៃ បន្ទាប់ពីពួកគេនាំគ្នាលបឆ្លងដែនខុសច្បាប់។
សេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះថា ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ដោយពលករទាំង១៣នាក់ លួចឆ្លងដែនបំណងចូលទៅរកការងារធ្វើ នៅក្នុងប្រទេសថៃ ស្របពេលដែលក្នុងប្រទេសកំពុងទប់ស្កាត់ នូវការរីរាលដាលនៃជំងឺកូវីដ១៩ ក៏ត្រូវតម្រួតថៃ នៅខេត្តស្រះកែវឃាត់ខ្លួន។
ពលករខ្មែរទាំងអស់បានសារភាពថា ពួកគេបាននាំគ្នាដើរឆ្លងដែន តាមច្រករបៀងក្នុងឃុំបានឡែម ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី និងចំណយឲ្យរថយន្តក្នុងម្នាក់ ៣០០០បាត ដើម្បីឲ្យជូនទៅរកការងារ នៅក្នុងខេត្តសមុទ្រប្រាកាន។
បច្ចុប្បន្នពលករខ្មែរទាំងអស់ ត្រូវបានកម្លាំងតម្រួតថៃ ប្រគល់ទៅឲ្យមន្ត្រីជំនាញនាំយកទៅសាកសួរបន្ត ដើម្បីកសាងសំណុំរឿងបញ្ជូនតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងការឆ្លងដែនចូល ដោយមិនស្របច្បាប់ ទៅធ្វើការ ឬស្នាក់នៅក្នុងប្រទេសថៃ៕