(ត្បូងឃ្មុំ)៖ លោក ជា ចំណាន អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំក្រែក និងក្រុមការងារ បាននាំយកអំណោយជាសម្ភារៈ ស្បៀងចាំបាច់ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែខ្វះខាតចំនួន១១៨គ្រួសារ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។

ការចុះចែកអំណោយ និងសំណេះសំណាលនាពេលនេះ បានធ្វើឡើងនៅក្នុង កិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ ចុះជួយឃុំក្រែក និងក្រុមការងារចុះជួយភូមិទាំង៣៣ ដែលមានចូលរួមពី លោក ជា ចំណាន និងលោកស្រី សមាជិកក្រុមការងារ និងមេភូមិទាំង៣៣។

អំណោយជាសម្ភារៈនាពេលនោះរួមមាន ស្បៀងចាំបាច់ ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែខ្វះខាត ចំនួន១១៨ គ្រួសារ មាន ក្រមា មី ទឹកស៊ីអ៊ីវ សាប៊ូ ទឹកអាល់កុល Nansil រួមនឹងថវិកាមួយចំនួនទៀត ។បន្ថែមពីលើនោះ ក៏មានចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានោះ លោក ជា ចំណាន ក៏បានណែនាំដល់ក្រុមការងារជួរមុខទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយផលប៉ះពាល់ និងហានិភ័យនានា ដែលកើតចេញពីវីរ៉ុសថ្មីកូរ៉ូណា ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅលើសកលលោក។

លោកបានបន្ថែមថា ស្ថានភាពបែបនេះ យើងទាំងអស់គ្នា ត្រូវប្រុងប្រៀបខ្ពស់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈការថែរក្សាសុខភាពឱ្យបានរឹងមាំធ្វើអនាម័យខ្លួនប្រាណ និងវិធានការសុវត្ថិភាពខ្លួនឯង មនុស្សវិញខ្លួន សហគមន៍ជាដើម៕