(ភ្នំពេញ)៖ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ រូបភាពរន្ធត់ដែលជាទិដ្ឋភាព នៃការសម្តែងក្នុងអំឡុងពេលថតកុនមួយចំនួនត្រូវបានយកមកបង្ហោះ និងបន្តចែកចាយនៅតាមបណ្តាញទំនាក់ទំនងសង្គម។

គណៈកម្មការទី៧ នៃរដ្ឋសភា បានចាត់ទុកថា ការបង្ហោះរូបភាពដែលមិនមានការផ្តល់ព័ត៌មានគ្រប់គ្រាន់ អំពីស្ថានការបែបនេះ គឺជាទង្វើដែលមិនសមហេតុផល និងអាចចាត់ទុកថាមានចេតនា បំភ័យសាធារណជន និងបំពុលសង្គម ដែលទាមទារឲ្យម្ចាស់ផលិតកម្មផ្ទាល់ ឬផលិតករ នៃខ្សែភាពយន្ត ត្រូវមានការគ្រប់គ្រង និងពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាកុំឲ្យរូបភាព ឬវីដេអូដែលខ្លួនបានថតត្រូវយកមកផ្សព្វផ្សាយបង្ហោះក្នុងគោលដៅអវិជ្ជមានណាមួយឡើយ។

ប្រសិនជាការបង្ហោះណាមួយធ្វើឡើងក្នុងចេតនា ទាក់ទាញចំណាប់អារម្មណ៍សាធារណជន មុនពេលចេញផ្សាយភាពយន្ត ឬវីដេអូជាផ្លូវការ គួរណាបញ្ជាក់ឲ្យបានច្បាស់ពីដើមទង និងព័ត៌មានថា គ្រាន់តែជាទិដ្ឋភាពការសម្តែងក្នុងឈុតណាមួយតែប៉ុណ្ណោះ។

គណៈកម្មការទី៧ នៃរដ្ឋសភា សូមសំណូមពរដល់អជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រង់ និងបង្ការរាល់សកម្មភាពនានា ដែលបង្កជាចលាចលដល់សណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជន៕