(ភ្នំពេញ)៖ អ្នកស្រី ចាក់កេលីន បាកាវាន់ (Jacqueline Bhagavan) ដែលបានគ្រងតំណែង ជាបវរកញ្ញាឯក ក្នុងកម្មវិធី កាលីហ្វ័រញ៉ា អាមេរិក ឆ្នាំ២០១៥ (California-America 2015) មានដើមកំណើតជាខែ្មរ រស់នៅសហរដ្ឋអាមេរិក បានសន្យាថា អ្នកស្រីនឹងសហការ ជាមួយក្រសួងទេសចរណ៍ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអគ្គរាជទូតសុច្ឆន្ទៈ របស់ក្រសួងទេសចរណ៍ នឹងផ្សព្វផ្សាយ នូវទិដ្ឋភាពតំបន់សក្តានុពលរបស់កម្ពុជា ទៅកាន់សកលលោក តាមរយៈគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងឲ្យគេបានស្គាល់ ពីតំបន់ទេសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញ់អារម្មណ៍ពួកគេ ឲ្យមកដើរលេងកម្សាន្តនៅកម្ពុជា។
លោកស្រីបញ្ជាក់ថា លោកស្រី គឺជាកូនខ្មែរ ដែលមានសញ្ជិតអាមេរិក លោកស្រីបានគ្រងតំណែងជា កញ្ញាឯក ក្នុងកម្មវិធី California-America 2015 ទោះបីជាលោកស្រី រស់នៅសហរដ្ឋអាមេរិកក៏ដោយ តែលោកស្រីមិនដែលបំភ្លេចកម្ពុជាជាមាតុភូមិកំណើតលោកស្រី នោះទេ។ បរវរកញ្ញារូបនេះ បានប្រាប់ឲ្យដឹង នៅក្នុងសនិ្នសីទសារព័ត៌មាន នៅទីស្តីការក្រសួងទេសចរណ៍ នាល្ងាចថៃ្ង ទី១៩ ខែ មករា ឆ្នាំ២០១៦។ លោកស្រី Jacqueline Bhagavan បរវកញ្ញាឯករដ្ឋ California សហរដ្ឋអាមេរិក ជាជនជាតិអាមេរិក ដើមកំណើតកម្ពុជា ព្រមទាំងស្វាមី បានអញ្ចើញមកបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅកម្ពុជា។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៦នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមស្វែងយល់ ពីការអភិវឌ្ឍវិស័យទេចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា។ លោក ថោង ខុន បានអនុញ្ញាត្តិឲ្យ លោកស្រីនិងស្វាមីចូលជួបសម្តែង ការគួរសម ជម្រាបជូនពីកិច្ចការមួយចំនួន ក្នុងឋានៈលោកស្រីជាកញ្ញាឯក California ។
ថ្លែងនៅក្នុងឱកាសនោះ លោក ថោង ខុន បានជម្រាបជូនលោកស្រី និងស្វាមីថា វិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនគួរ ឲ្យកត់សម្គាល់និងសូមឲ្យលោកស្រី ជួយកិច្ចការផ្សព្វផ្សាយបន្ត សម្រាប់ឲ្យភ្ញៀវទេសចរអាមេរិក មកទស្សនាកម្ពុជាឲ្យបានច្រើន ។
លោកស្រី Jacqueline Bhagavan បានឆ្លើយតបថា អ្នកស្រីនឹងខិតខំប្រើប្រាស់កិត្តិនាមរបស់អ្នកស្រី នៅប្រទេសអាមេរិក នឹងផ្សព្វផ្សាយកិច្ចការនេះ តាមរយៈបណ្តាញសង្គម ផ្ទាល់របស់អ្នកស្រី។ អ្នកស្រីសង្ឃឹម ថានឹងមានការរីកចម្រើនលូតលាស់ រវាងទេសចរអាមេរិក មកទស្សនាប្រទេសកម្ពុជា ដែលជាមាតុភូមិរបស់អ្នកស្រី កាន់តែច្រើនថែមទៀត ៕