(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូនបងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា អបអរសាទថ្ងៃគម្រប់ខួប ៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ។

ក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះបានបញ្ជាក់ថា ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ជាថ្ងៃគម្រប់ខួប ៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានប្រភពដើមពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ដើម្បីដណ្ដើមឯករាជ្យជាតិ ពីពួកអាណានិគមនិយម។ ចាប់ពីថ្ងៃបានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៥១ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការ ឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឍនភាពសង្គម។

សម្តេចតេជោបន្តថា រយៈពេលជាង៤១ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

សម្តេចបន្ថែមថា ក្នុងស្មារតីចងចាំនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាង អង់អាចបំផុតដើម្បីបុព្វហេតុជាតិនិងប្រជាជន និងក្នុងស្មារតីលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីកសាង និងការពារ មាតុភូមិ អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ សមាជិកសមាជិកាគណបក្ស និងបងប្អូនជនរួមជាតិតែងបានចូលរួមយ៉ាង ក្លៀវក្លា អធិកអធម ក្នុងពិធីរឭកខួបកំណើតគណបក្សជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅក្នុងឆ្នាំនេះ អាស្រ័យដោយសភាពការណ៍ជាតិ ត្រូវប្រឈមនឹងការលំបាកថ្មីដ៏ធំ ដែលបណ្ដាលមកពីជំងកូវីដ-១៩ ដែលកំពុងរាតត្បាតជាសាកលនៅគ្រប់ប្រទេសនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល បានសម្រេចផ្អាកការប្រារព្ធពិធីរំឭកខួបកំណើតគណបក្សនៅក្នុងឆ្នាំនេះសិន ដើម្បីប្រមូលផ្តុំការខិតខំជម្នះដោះស្រាយនូវផលវិបាកនេះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស គ្រប់រូប និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស ចូលរួមអនុវត្តឱ្យបានម៉ត់ចត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និង ការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការនានា ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលម្នាក់ៗ និងសហគមន៍ ព្រមទាំងរក្សាប្រក្រតីភាពនៃជីវភាព ផលិតកម្ម និងការងាររបស់ប្រជាជន»

សម្តេចតេជោបង្ហាញនូវក្ដីសង្ឃឹមជឿជាក់ថា ការចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់រូប កម្ពុជាពិតជានឹងទទួលបានជោគជ័យលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ។ សម្តេចក៏បានប្រសិទ្ធពរជូនបងប្អូនជនរួមជាតិ នៅគ្រប់ទិសទីបានប្រកបនូវពុទ្ធពរ និងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕