(ព្រៃវែង)៖ ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានអះអាងប្រាប់ថា ក្រុមប្រឹក្សាឃុំស្វាយជ្រុំ បានដកប្រាក់ដែលពួកគេទទួលបានពីការឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ចន្លោះប្រមាណពី ២ម៉ឺនរៀល ទៅ៤ម៉ឺនរៀល ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ នោះឡើយគ្រាន់តែថា «ដកថ្លៃសេវា» ។ ដែលការដកនេះខុសពីគោលការណ៍រាជរដ្ឋាភិបាល។
លោក ជឿន សាវឿន រស់នៅភូមិព្រៃចំការ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ រូបលោក និងប្រជាពលរដ្ឋក្នុងឃុំប្រមាណ៥ភូមិ នៅថ្ងៃទី២៦ ខែមិថុនាម្សិលមិញនេះ ត្រូវបានមន្ត្រីហៅឱ្យទៅយកចុងសន្លឹកលេខផ្ទៀងផ្ទាត់ ដើម្បីទៅបើកលុយពីធានាគារឯកទេសវីង។
លោក ជឿន សាវឿន ទៅបើកលុយឱ្យគ្រួសារកូនរបស់លោក ដែលកំពុងធ្វើការងារនៅឯប្រទេសថៃ។ កូនរបស់លោកមានសមាជិក៣នាក់ ត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រមាណ ១៧ម៉ឺន ៦ពាន់រៀល។
លោក ជឿន សាវឿន បានអះអាងថា ពេលទៅយកចុងសន្លឹកដើម្បីផ្ទៀងផ្ទាត់បើកលុយពីធានាគារឯកទេសវីងនេះ មន្ត្រីក្រុមប្រឹក្សាឃុំស្វាយជ្រុំ បានទារលុយពីប្រជាពលរដ្ឋនោះក្នុងចន្លោះពី២ម៉ឺនរៀល ទៅ ៤ម៉ឺនរៀល។
បើតាមលោក ជឿន សាវឿន សម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលបានប្រាក់ឧប្ថម្ភចន្លោះពីជាង១០ម៉ឺនរៀល ទៅជាង ២០ម៉ឺនរៀល ត្រូវមន្ត្រីក្រុមប្រឹក្សាយកលុយ ២ម៉ឺនរៀល ហើយបើអ្នកត្រូវបានចាប់ពី ៤០ម៉ឺនឡើងទៅគេយកលុយ ៤ម៉ឺនរៀល។
លោក ជឿន សាវឿន បានអះអាងថា បន្ទាប់ពីបង់លុយហើយ ទើបមន្ត្រីក្រុមប្រឹក្សាប្រគល់សន្លឹកផ្ទៀតផ្ទាត់លេខដើម្បីទៅបើកលុយនៅវីង។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ក៏បានអះអាងដូចគ្នាដែរ, លោកយាយ ចាន់ ញ៉ុង រស់នៅភូមិព្រៃចំការ ឃុំស្វាយជ្រុំ ស្រុកមេសាង បានប្រាប់ឱ្យអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា គ្រួសារលោកយាយមានសមាជិក ៥នាក់ ត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ២២ម៉ឺន ៤ពាន់រៀល។ លោកយាយក៏ត្រូវបានមន្ត្រីឃុំទារលុយពីរម៉ឺនរៀលផងដែរ មុននឹងផ្តល់ចុងសន្លឹកឱ្យទៅផ្ទៀងផ្ទាត់បើកលុយនៅធានាគារឯកទេសវីង។
លោកយាយបានអះអាងថា លោកយាយមិនបានដឹងថា មន្ត្រីឃុំគេកាត់ប្រាក់ឧបត្ថម្ភនេះទៅធ្វើអ្វីនោះឡើយ ដោយគេគ្រាន់តែប្រាប់ថាយកទៅ «បង់ថ្លៃសេវា»។ តែមិនដឹងថាសេវាអ្វីនោះទេ?
បើទោះបីជាគេកាត់ប្រាក់បែបនេះក្តី តែសម្រាប់លោកយាយ ចាន់ ញ៉ុង មិនបានសម្តែងការទោមនស្សនោះទេ។ លោកយាយក៏បានសម្តែងក្តីសប្បាយរីករាយផងដែរ ចំពោះការឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាលនាពេលនេះ ព្រោះបានជួយដោះស្រាយការលំបាកក្នុងជីវភាពរបស់លោកយាយ។
ពាក់ព័ន្ធនឹងព័ត៌មាននេះលោក ឡាញ សារ៉េត មេឃុំស្វាយជ្រុំ បានអះអាងប្រាប់ព័ត៌មាន Fresh News ថា លោកមិនបានដឹងនៅឡើយនោះទេ ព្រោះការងារប្រគល់ចុងសន្លឹកផ្ទៀងផ្ទាត់ជូនប្រជាពលរដ្ឋនេះ លោកប្រគល់ជូនទៅក្រុមប្រឹក្សារបស់លោកដែលមានឈ្មោះទី១៖ អ្នកស្រី ម៉ឺន ធីតា ទី៣៖ អ្នកស្រី យ៉េត ចន្ថា និងទី៣៖ ឈ្មោះ ស្រីអូន។
លោកមេឃុំបន្ថែមថា ជាគោលការណ៍របស់រាជរដ្ឋាភិបាលមិនមានតម្រូវឱ្យកាត់ប្រាក់ពីប្រជាពលរដ្ឋនោះឡើយ ហើយលោកក៏បានណែនាំរួចហើយទៅមន្ត្រីឃុំរបស់លោក។ លោកមេឃុំអះអាងថា លោកនឹងទៅសាកសួរចំពោះករណីនេះ។
លោក ឡាញ សារ៉េត បានឱ្យដឹងថា ក្នុងឃុំស្វាយជ្រុំនេះ មានប្រជាពលរដ្ឋត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាង ៦០០គ្រួសារ ហើយមានប្រជាពលរដ្ឋជាង ៣០០គ្រួសារហើយ ដែលបានមកយកសន្លឹកផ្ទៀងផ្ទាត់ទៅបើកលុយពីធានាគារវីង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ២៥លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រមាណជា៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើប្រកាសអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ត្កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។
ក្នុងកំលុងពេលនោះសម្តេចតេជោ ហ៊ុន សែន បានណែនាំទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តន៍ឱ្យបានត្រឹមត្រូវ និងតម្លាភាពបំផុតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីធានាថាប្រាក់នេះបានជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ដែរថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការឧបត្ថម្ភសាច់ប្រាក់នេះនឹងត្រូវផ្តល់ជូនទៅតាមប្រភេទគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការឧបត្ថម្ភសាច់ប្រាក់នេះកំណត់ដូចខាងក្រោម៖
ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។
ទី៣៖ តំបន់ជនបទ
* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕