(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងលោក គុយ លាងគី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបាននាំយកទានវស្សា និងគ្រឿងឧបភោគ បរិភោគប្រគេនព្រះសង្ឃចំនួន៧វត្ត ក្នុងខេត្តកំពង់ធំ។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនត្រឹមតែរក្សាបានសុខសន្តិភាពសេចក្តីសុខសាន្ត ជូនប្រជាជនប៉ុណ្ណោះទេ ថែមទាំងជំរុញសេដ្ឋកិច្ចជាតិរបស់យើង ឱ្យមានកំណើនជាបន្តបន្ទាប់ក្នុងមួយឆ្នាំ។ តាមរយៈកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់នេះ បានធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើន បង្កើតបានជាសមិទ្ធផលទាំងឡាយដល់សង្គមជាតិផ្លូវថ្នល់ សាលារៀន វត្តអារាម មន្ទីពេទ្យ អគ្គិសនី។ល។ ដល់ទីជនបទក្នុងពេលបច្ចុប្បន្ននេះ។
លោកស្រីបានបន្តថា ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំទៅហើយនោះ និងក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះក៏បានធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនាក្នុងជំនឿ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះ។
លោកស្រី ឃួន ឃុនឌី បានបន្ថែមថា ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទអំពីទីវត្តអារាម មិនត្រឹមតែបម្រើវិស័យ សាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះអក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ ខ្មែរយើងតាំងពីយូរណាស់មកហើយ នៅពេលខាងមុខនេះព្រះសង្ឃ នៅគ្រប់ទីវត្តអារាមទូទាំង ប្រទេសគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ដែលព្រះសង្ឃគង់ចាំព្រះវស្សានៅក្នុងទីវត្តទើបថ្ងៃនេះ ត្រូវបានថ្នាក់ដឹកនាំ មន្ត្រីបាននាំយកមកវេរប្រគេនដល់ព្រះសង្ឃដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើង។
ការប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា នៃយើងដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សារលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ។
សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តទទួលបានមានទៀនវស្សា១គូ ស្លាដក១ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច ត្រីខ ប្រេងម៉ាសូត និងបច្ច័យមួយចំនួន ដើម្បីទុកសម្រាប់ប្រើប្រាស់ពេលចូលព្រះវស្សា ក្នុងរយៈពេលអស់ មួយត្រីមាស នៅក្នុងទីវត្ត និងបានផ្តល់ជូនអ្នកចូលរួមដោយក្នុងមួយនាក់ទទួលបានក្រណាត់ស១ដុំ និងថវិកា ៥០,០០០រៀល ផងដែរ៕