(ភ្នំពេញ)៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាព Fresh News នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៦ នេះថា យោងតាមការព្យាករណ៍ នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ កម្រិតសីតុណ្ហភាពអប្បបរមា នឹងមានការធ្លាក់ចុះខ្លាំង នៅបណ្តាខេត្តមួយចំនួន រួមមាន៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះ (ក្នុងរង្វង់ ១៤-១៦ អង្សាសេ)។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ឯបណ្តាខេត្តមួយចំនួនទៀត រួមទាំងរាជធានីភ្នំពេញផង សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះ (ក្នុងរង្វង់ ១៩-២១ អង្សាសេ)។
ចំពោះបណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មិនមានការធ្លាក់ចុះច្រើននោះទេ (ក្នុងរង្វង់ ២២-២៤ អង្សាសេ)។
ពាក់ព័ន្ធនឹងការធ្លាក់ចុះសីតុណ្ហភាពអប្បបរមានេះ លោក ចាន់ យុត្ថា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការយកចិត្តទុកដាក់ លើបញ្ហាសុខភាព ពិសេសចំពោះមនុស្សចាស់ និងកុមារ៕