(ស្វាយរៀង)៖ លោកស្រី ភឿង សកុណា ប្រធានក្រុមការងាថ្នាក់ជាតិ ចុះជួយស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងនាំអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង ប្រគល់ជូនប្រជាពលដ្ឋដែលជួបការខ្វះខាតចំនួន៤០គ្រួសារ មកពី៤ឃុំ គឺឃុំស្វាយរំពា គគីរសោម ព្រៃតាអី និងឃុំពពែត ស្រុកស្វាយទាប ក្នុងកំលុងពេលកម្ពុជា កំពុងរាតត្បាតជំងឺកូវីដ១៩ ព្រមទាំងបានចែករទេះ ១គ្រឿងដល់ជនពិការម្នាក់ផងដែរ។
ជាមួយគ្នានេះដែរ លោកស្រី ភឿង សកុណា ក៏បានថ្លែងពាំនាំនូវការសាកសួរសុខទុកពីសំណាក់លោកស្រីបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅស្រុកស្វាយទាប ក៏ដូចទូទាំងខេត្តស្វាយរៀង ដោយស្រីតែងតែគិតគូរខ្ពស់ ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះរដ្ឋាភិបាលបានផ្តល់នូវថវិកាជួយប្រជាពលរដ្ឋក្រីក្រ នៅទូទាំងប្រទេស ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩ ទាំងនេះសបញ្ជាក់ឱ្យឃើញជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចតេជោផ្ទាល់ នឹងមិនទុកឱ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាយ ដោយគ្មានការយកចិត្តទុកដាក់នោះទេ។
លោកស្រី ភឿង សកុណា បានបន្ថែមថា អំណោយទាំងនេះទោះបីមិនអាចដោះស្រាយបានទាំងស្រុងតែក៏អាចជួយសម្រួលក្នុងជីវភាពប្រចាំបានមួយគ្រាដែរ ខណៈដែលប្រទេសកម្ពុជាយើងកំពុងមានការរាតត្បាតដោយសារជំងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋមិនសូវបានចាកចេញពីលំនៅដ្ឋានទៅរកការងារធ្វើ ដូច្នេះនាំឱ្យមានការខ្វះខាត។
លោកស្រីបានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឱ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឱ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀត ដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ នៅក្នុងកំលុងពេលប្រយុទ្ធជាមួយជំងឺកូវីដ១៩ សម្តេចតេជោ បានបញ្ជាឲ្យមន្រ្តីគណបក្សប្រជាជនកម្ពុជា ចុះចែកក្រមា អង្ករ និងសម្ភារផ្សេងៗ ដល់ប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ផងដែរ។
អំណោយដែលត្រូវចែកជូនពលរដ្ឋជួបការខ្វះខាតទាំង៤០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ទឹកត្រី អំបិល ប៊ីចេង ទឹកសុីអុីវ ស្ករ សាប៊ី ក្រមានិងថវិកា ២មុឺនរៀល ដែលសរុបក្នុង ១ឃីតស្មើរនឹង៤៧ដុល្លារ៕