(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា អនុប្រធាននាយកដ្ឋានកណ្ដាល នគរបាលព្រំដែននៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រួមជាមួយព្រះគ្រូចៅអធិការវត្តកោះរការ និងក្រុមបងប្អូនមានចិត្តបុណ្យ ដែលមានបេះដូងមនុស្សធម៌ ដែលតែងតែចុះជួយជនងាយរងគ្រោះ ចាស់ជរា ទីទាល់ក្រជួបការលំបាក បានបន្តចុះសួរសុខទុក្ខ នាំយកថវិការសម្ភារៈ និងស្បៀងអាហារមួយចំនួន ទៅផ្តល់ជូនទុរគតជនក្រីក្រ០៣គ្រួសារ គ្មានដីគ្មានផ្ទះ សុំជ្រកកោនរស់នៅជាមួយនឹងគេ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងឳកាសនោះលោកឧត្តមសេនីយ៍ទោ ហេង រតនា បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះទុរគតជនទាំង០៣គ្រួសារ ដោយក្តីអាណិតអាសូរជាពន់ពេក ។

លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់ពួកគាត់ទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ន ត្រូវថែរក្សាសុខភាពខ្លួន ដោយរក្សានូវអនាម័យជាប់ជានិច្ច តាមការណែនាំ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់នូវរលកទី២នៃជំងឺកូវីត១៩ នៅកម្ពុជា។

ដោយកាយវិការឆ្លើយតបយ៉ាងពេញចិត្តពេញថ្លើម និងត្រេកអររកអ្វីថ្លែងពុំបាន ទុរគតជនទាំង០៣គ្រួសារ បានលើកម្រាមដៃដប់ អរគុណយ៉ាងខ្លាំងបំផុតដល់សម្ដេចទាំងទ្វេរ និងលោកឧត្តមសេនីយ៍ទោ ហេង រតនា ដោយក្តីរំភើបរីករាយ បន្ទាប់ពីទទួលបានជំនួយមួយចំនួននេះ ដើម្បីដោះស្រាយជីវភាពចំពោះមុខ។

ចំពោះអំណោយដែលនាំយកទៅចែកជូនទាំង០៣គ្រួសារ ក្នុង១គ្រួសារ ទទួលបានថវិការ៥០មុឺនរៀល, អង្ករ០៣បេ, មី០៣កេស, ត្រីខ០៣យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកសុទ្ធ០១កេស, ទឹកក្រូច១កេស ព្រះមួយអង្គ, គ្រឿងសក្ការៈបូជាព្រះ, ទាន ធូប, បាឡុង០១, ស្លាដក់០២, ស្បែកជើងផ្ទាត់ ក្រម៉ា និងសម្លៀកបំពាក់មួយចំនួន។ ព្រមទាំងផ្តល់ជូនម្ចាស់ដីដែលផ្តល់ទីតាំងឲ្យស្នាក់នៅ មានអង្ករ៥០គីឡូក្រាម ក្រមា២ សារ៉ុង២ និងថវិការ១០មឺុនរៀលផងដែរ៕