Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណូលពីវិស័យរ៉ែ និងប្រេងកាតរបស់កម្ពុជា ឆ្នាំ២០១៥ កើនឡើង៤ដង

20-01-2016 11:27

(ភ្នំពេញ)៖ ចំណូលជាតិផ្នែកមិនមែនសារពើពន្ធ ដែលប្រមូលបានពីវិស័យរ៉ែ និងប្រេងកាតនេះ ឆ្នាំ២០១៥នេះ មានចំនួនស្មើនឹង ១៧,២៥៦,១៧៧ដុល្លារ ដែលកើនឡើងប្រមាណ៤ដង ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៤។

នេះបើតាមលទ្ធផលសន្និបាត បូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅ សម្រាប់ឆ្នាំ២០១៦ របស់ក្រសួងរ៉ែ និងថាមពល ដែលធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងនៅក្នុងពិធីនេះថា ឆ្នាំ២០១៥កន្លងនេះ គឺជាឆ្នាំនៃការស្ថាបនា និងការកសាងថ្មី។ មានការរៀបចំស្ថាប័នកិច្ច យន្តការ និងប្រព័ន្ធអភិបាលកិច្ចថ្មីៗ ជាច្រើនត្រូវបានបង្កើតឡើង និងដាក់ចេញឱ្យអនុវត្ត។ ក្នុងបរិបទនេះ ខ្ញុំសូមឲ្យអង្គសន្និបាតទាំងមូល ផ្តោតការពិនិត្យ និងពិភាក្សា ក្នុងរយៈពេលនៃសន្និបាតក្រសួងនេះ វាយតម្លៃឡើងវិញ ឲ្យបានហ្មត់ចត់អំពីលទ្ធផល មេរៀនបទពិសោធន៍ និងបញ្ហាប្រឈមកន្លងមក របស់វិស័យរ៉ែ និងប្រេងកាត។

លោករដ្ឋមន្រ្តីបានបន្ថែមថា ឆ្នាំ២០១៥កន្លងនេះ ការអនុវត្តកម្មវិធីកំណែទម្រង់សំខាន់ៗ ក្នុងវិស័យរ៉ែ ប្រេងកាត និងថាមពល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ក្រសួងបានយកចិត្តទុកដាក់ លើការអនុវត្តសកម្មភាព អាទិភាពសំខាន់ៗរួមមាន ការកសាងនិងពង្រឹងសមត្ថភាពស្ថាប័នកិច្ច ការពង្រឹងប្រសិទ្ធិភាព អភិបាលកិច្ចការគ្រប់គ្រងប្រតិបត្តិការរ៉ែ និងប្រេងកាត និងបន្តការអភិវឌ្ឍវិស័យថាមពល ដោយសង្កត់ធ្ងន់ លើការកសាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗ សម្រាប់វិស័យរ៉ែប្រេងកាត និងថាមពល៕