(ភ្នំពេញ)៖ គណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់ កម្រិតកំណត់ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ខ្លួននឹងចាប់ផ្តើមត្រួតពិនិត្យ ការដឹកលើសទម្ងន់ឡើងវិញ នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ចាប់ពីថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០១៦តទៅ។
ការត្រួតពិនិត្យពិនិត្យការដឹកលើសទម្ងន់នេះ នឹងធ្វើលើនៅទីតាំងស្ថានីយ៍ជញ្ជីងថ្លឹង៤កន្លែង នៅលើផ្លូវជាតិលេខ៤ ក្នុងនោះមាន ស្ថានីយ៍ជញ្ជីងអូរចំណា ស្ទឹងច្រាល កណ្តោលដុំ និងស្ថានីយ៍អង្គស្នួល។ ដោយឡែកការត្រួតពិនិត្យ លើការដឹកលើសទម្ងន់ នៅលើផ្លូវជាតិលេខ៣ នឹងធ្វើឡើងនៅស្ថានីយ៍វាលរេញ។ យ៉ាងណាគណៈកម្មាធិការនេះ នឹងធ្វើការផាកពិន័យ នៅពេលដែលពិនិត្យឃើញថា មានការដឹកលើសទម្ងន់។
សូមជំរាបថា ក្រៅពីត្រួតពិនិត្យ លើការដឹកលើសទម្ងន់លើផ្លូវទាំង២នេះ ក្រសួងក៏បានអនុវត្តដូចគ្នា នៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៨ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៨ផងដែរ៕