(ម៉ូស្គូ)៖ កងទ័ពអាកាសរបស់រុស្ស៊ី បានសម្លាប់ក្រុមឧទ្ទាម ISIS ប្រមាណជា ៦០នាក់ នៅភាគខាងកើតនៃខេត្ត Deir ez-Zor ប្រទេស ស៊ីរី ដែលប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃក្រោយពីក្រុម ISIS បានសម្លាប់ជនស៊ីវិលប្រមាណជា២៨០នាក់ នេះបើយោងតាម ការចេញផ្សាយរបស់សារព័ត៌មាន RT នៅមុននេះបន្ដិច។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានបញ្ជាក់ថា យន្តហោះទម្លាប់គ្រាប់បែករុស្ស៊ី បានបើកការវាយលុកទៅលើមូលដ្ឋានរបស់ក្រុម ISIS ស្ថិតនៅ ក្នុងភូមិ Bagilya ក្នុងខេត្ត Deir ez-Zor។ ក្រៅពីបានសម្លាប់ក្រុម ISIS ប្រមាណ ៦០នាក់ ហើយនោះ កងទ័ពរុស្ស៊ីក៏បានទម្លាប់គ្រាប់បែក កម្ទេចរថយន្តដឹករំសេវជាច្រើនគ្រឿងរបស់ក្រុម ISIS ផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុន ក្រុមឧទ្ទាម ISIS បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២៨០នាក់ ក្នុងរយៈពេលតែមួយយប់ នៅក្នុងខេត្ត Deir ez-Zor ប្រទេសស៊ីរី ដោយក្នុងនោះមានគ្រួសារខ្លះ ត្រូវបានសម្លាប់ផ្ដាច់ពូជតែម្ដង ដោយក្នុងនោះរួមមានក្មេងមនុស្ស ស្រី និងចាស់ជរា ដោយសាកសពរបស់ពួកគេត្រូវបានក្រុម ISIS បោះចូលក្នុងទន្លេ Euphrates ខណៈដែលមនុស្សប្រមាណ ៤០០នាក់ ផ្សេងទៀត ត្រូវបានចាប់ធ្វើចំណាប់ខ្មាំង៕