Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហព័ន្ធសេវាអប់រំនៅកម្ពុជា សម្រេចទទួលស្គាល់ទីប្រឹក្សា និងតែងតាំងតួនាទីក្រុមប្រឹក្សាភិបាលប្រតិបត្តិថ្នាក់ដឹកនាំ និងបុគ្គលិកលេខាធិការដ្ឋាន២០រូប

26-06-2020 14:57

(ភ្នំពេញ)៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា បានចេញសម្រេចទទួលស្គាល់ទីប្រឹក្សា និងតែងតាំងតួនាទីក្រុមប្រឹក្សាភិបាលប្រតិបត្តិថ្នាក់ដឹកនាំ និងបុគ្គលិកលេខាធិការដ្ឋាន ចំនួន២០រូប។ នេះបើយោងតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

សេចក្តីសម្រេចរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា បានឲ្យដឹងថា៖

*ទី១៖ ទទួលស្គាល់ទីប្រឹក្សាក្រុមប្រឹក្សាភិបាល ៥រូប
*ទី២៖ តែងតាំងក្រុមប្រឹក្សាភិបាលប្រតិបត្តិ ១១រូប
*ទី៣៖ តែងតាំងថ្នាក់ដឹកនាំ និងបុគ្គលិកលេខាធិការដ្ឋាន ៤រូប។

លោក ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធសេវាអប់រំនៅកម្ពុជា បានឲ្យដឹងថា សហព័ន្ធសេវាអប់រំនៅកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំ និងចងក្រងអ្នកអភិវឌ្ឍន៍វិស័យអប់រំ ឯកជន ដែលនេះជាអង្គការសមាគម ធ្វើការបណ្តុះបណ្តាលអប់រំបច្ចេកទេស និងវិជ្ជាជីវៈក្នុងការធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍សេវាអប់រំ ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យបានកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត លើវិស័យអប់រំ ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាការងារអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។

លោកបន្តថា មកដល់ពេលនេះសហព័ន្ធសេវាអប់រំកម្ពុជា មានសមាជិកជិត ១០០គ្រឹះស្ថាន និងក្រុមហ៊ុន ដែលជាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រុមហ៊ុនបច្ចេកវិទ្យាពាក់ព័ន្ធនឹងសេវាអប់រំ ក៏ដូចជា អង្គការសមាគមមួយចំនួនទៀតផងដែរ៕