(ពោធិ៍សាត់)៖ ដោយមានការណែនាំភ្លាមៗ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជាអភិបាលខេត្ត ពោធិ៍សាត់ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត លោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានដឹកនាំ មន្រ្តីចុះទៅសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន របស់គ្រួសារសព និងជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៌ នៅស្រុកក្រគរ ដែលបណ្តាលឲ្យស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១៩នាក់ ។
ជនរងគ្រោះដែលរងរបួសខ្លះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងខ្លះទៀតដែលរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅភ្នំពេញ ។
លោក ម៉ូវ ម៉ានិត នាយករដ្ឋបាលសាលាខេត្តពោធិសាត់ បានប្រាប់អង្គភាព Fresh News ថា ពេលចុះពិនិត្យអ្នករងរបួសនៅមន្ទីរពេទ្យ នាព្រឹកនេះ លោកអភិបាលខេត្ត បានប្រកាសជួយដឹកជញ្ជូនសព ជនរងគ្រោះ៥នាក់ ដល់គេហដ្ឋាន ខណៈដែលអ្នករងរបួសធ្ងន់ លោកអភិបាល នឹងជួយដឹកទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ហើយជនរងគ្រោះរបួសស្រាល ទទួលបានថវិកា១០ម៉ឺនរៀល និងទឹកដោះគោម្នាក់មួយឡូត៌។
អធិការនគរបាលស្រុកក្រគរ លោក ឯម រុណបានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះថា ករណី គ្រោះថ្នាក់ ចរាចរណ៍រថយន្តក្រុងរបស់ក្រុមហ៊ុនរស្មី ភ្នំពេញ បើកបុករថយន្តនីសាន់ដឹកអង្ករ ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ នៅវេលាម៉ោង១២ពាក់កណ្តាលអាធ្រាត្រ យប់មិញនោះ អ្នកស្លាប់កើនឡើង៥នាក់ (ប្រុស៣ ស្រី)និងរងរបួស១៩នាក់ ក្នុងនោះរបួសធ្ងន់៩នាក់។ បើតាមលោកអធិការជនរងគ្រោះដែលស្លាប់ទាំង៥នាក់នោះ ម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និង៤នាក់ទៀត ស្លាប់នៅមន្ទីរពេទ្យ ដែលជនរងគ្រោះទាំងនេះជិះនៅលើរថយន្តក្រុង។
លោក ឯម រុណ បានបញ្ជាក់ថា នៅវេលាម៉ោងខាងលើនេះ រថយន្តក្រុងក្រុមហ៊ុនរស្មី ភ្នំពេញ បានធ្វើដំណើរ ពីភ្នំពេញទៅទិសខាងលិច លុះដល់ចំណុចគីឡូម៉ែត្រលេខ១៤៨ និង១៤៩ ស្រាប់តែរថយន្ត បែកកង់ក្រោយបណ្តាលឲ្យរេចង្កូតទៅបុក រថយន្តនីសាន់ដឹកអង្ករ ទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹងរហូតមានស្លាប់និងរបួសយ៉ាងដូច្នេះ។ លោកអធិការបានបន្តទៀតថានៅព្រឹកថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចរបស់លោក បាននិងកំពុងជួយអន្តរាគមន៍ យករថយន្តចេញ។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ អ្នកបើករថយន្ត ទាំង២នាក់ ក៏រងរបួសធ្ងន់ធ្ងរផងដែរ៕